(ភ្នំពេញ)៖ លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូររវាងរដ្ឋ និងឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានការចូលរួមពីវិស័យឯកជន គឺភាគីរដ្ឋអាចទទួលសំណើរគម្រោងពីភាគីឯកជន។

លើសពីនោះទៀត លោក ឱម ម៉ាក់ធារិទ្ធ បានបន្ថែមថា ភាគីឯកជនក៏អាចផ្ដើមរៀបចំផ្លូវដោយខ្លួនឯង ឬក៏វិស័យឯកជនអាចឃើញនូវសក្ដានុពល ក្នុងការអនុវត្ដផ្លូវណាមួយ គឺអាចផ្ដួចផ្ដើមគម្រោងនោះដាក់មករាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងវាយតម្លៃ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឱម ម៉ាក់ធារិទ្ធ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ​ និងឯកជនលើការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

ក្នុងកិច្ចពិភាក្សានេះ លោក ឱម ម៉ាក់ធារិទ្ធ ក៏បានពន្យល់អំពីពាក្យ PPP ដែលមានន័យថា «ភាពជាដៃគូរវាងរដ្ឋ និងឯកជន» ផងដែរ។

លោកបានឲ្យដឹងថា ​នៅក្នុងប្រទេសកម្ពុជា PPP ត្រូវបានកំណត់និយមន័យដោយច្បាប់ គឺកិច្ចព្រមព្រៀងរវាងរដ្ឋ និងឯកជន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្ដល់សេវាសាធារណៈដែលក្នុងនោះ តម្រូវឲ្យខាងវិស័យឯកជន ធ្វើការវិនិយោគ និងចែករំលែកហានិភ័យ ក្នុងការអនុវត្ដគម្រោង ជាមួយភាគីរដ្ឋ ហើយទទួលបានផលប្រយោជន៍វិញពីគម្រោងនោះ។

លោក ឱម ម៉ាក់ធារិទ្ធ ​បានបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជនទាំងអស់ គឺត្រូវតែផ្ដោតទៅតាមអនុលោម កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវជាគម្រោងអាទិភាព ដែលរាជរដ្ឋាភិបាល បានកំណត់នៅក្នុងផែនការមេ ឬក៏ផែនការតាមវិស័យ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុងរបស់លោក ឱម ម៉ាក់ធារិទ្ធ៖