(ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia រំពឹងទាក់ទាញវិនិយោគិនបរទេស ពិសេសអ្នកវិនិយោគជប៉ុនកាន់តែច្រើន ក្រោយឆ្លងផុតដំណាក់កាលដ៏លំបាក ហើយត្រលប់មកស្ថានភាពល្អប្រសើរឡើងវិញ ក្នុងវិស័យនេះ។
ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីស្ថាបនិកបុរីវិមានសំណាង បានចុះអនុស្សារណៈយោគគ្នា ជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលជាធនាគារដ៏ធំរបស់ជប៉ុន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។
លោកបានចាត់ទុកកិច្ចសហការនេះ គឺជាដំណាក់កាលថ្មីមួយទៀត ដើម្បីផ្ដល់ទំនុកចិត្តដល់ភ្ញៀវជាតិ និងអន្ដរជាតិ ពិសេសទាក់ទាញវិនិយោគិនជប៉ុន មករកស៊ីនៅកម្ពុជាកាន់តែច្រើន ។
លោកថា ក្រោយឆ្លងកាត់ស្ថានភាពលំបាក ដោយសារវិបត្តិកូវីដ-១៩ បច្ចុប្បន្នការទិញលក់ក្នុងវិស័យអចលនាទ្រព្យ ដល់ពេលវេលាមួយល្អឡើងវិញ។ ការអះអាងនេះ ដោយផ្អែកលើស្ថានភាពកំណើនអ្នកទិញ និងកិច្ចសហការជាមួយធនាគារជាច្រើន ជាក់ស្ដែងកិច្ចសហការជាមួយធនាគារជប៉ុនខាងលើ ដែលនឹងកសាងនូវទំនុកចិត្តខ្ពស់ ដល់ភ្ញៀវបរទេស ពិសេសដៃគូបរទេស ។
លោកបណ្ឌិត គីម ហ៊ាង បន្ដថា «នៅពេលយើងមានកិច្ចសហការនេះ យើងនឹងជំរុញដៃគូយើងនៅជប៉ុន ដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុន មករកស៊ីនៅកម្ពុជា មិនមែនគ្រាន់តែទិញផ្ទះនៅបុរីវិមានសំណាងទេ តែយើងអាចធ្វើឲ្យកុងត្រាមួយនេះ បង្កើតបាននូវប្រសិទ្ធភាព និងកេរ្ដិ៍ឈ្មោះកាន់តែធំ ដើម្បីងាយធ្វើទីផ្សារនៅទីក្រុងតូក្យូ និងទីក្រុងផ្សេងៗនៅជប៉ុន» ៕