(បាងកក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្មីរបស់ប្រទេសថៃលោក Pichai Naripthaphan បានប្ដេជ្ញាថានឹងចាត់វិធានការបន្ទាន់ដើម្បីដោះស្រាយការចំណាយលើជីវភាពរស់នៅខ្ពស់ ពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងរឹតបន្តឹងការគ្រប់គ្រងលើលំហូរចូលទំនិញតម្លៃថោកពីបរទេសចិន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Pichai ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ ខណៈថ្លែងបន្ទាប់ពីចូលធ្វើការថ្ងៃដំបូង ថា លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការងារជាមួយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មពីររូបទៀតគឺលោក Napintorn Srisanphang និងលោក Suchat Chomklin ដើម្បីទទួលភារកិច្ចសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃក្នុងគ្រាមានវិបត្តិ។

លោករដ្ឋមន្ត្រីបាននិយាយថា គោលនយោបាយរបស់ក្រសួងនឹងត្រូវប្រកាសនៅពេលក្រោយ បន្ទាប់ពីការបង្ហាញគោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភានៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ដែលនឹងរួមមានទាំងការកាត់បន្ថយការចំណាយលើការរស់នៅ ការធានាតម្លៃផលិតផលកាន់តែប្រសើរ ការគាំទ្រសហគ្រាសធុនតូច និងមធ្យម ការលើកកម្ពស់ការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការដោះស្រាយការហូរចូលទំនិញនាំចូលតម្លៃថោកនិងគុណភាពទាប។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងគ្រោងធ្វើនៅថ្ងៃចន្ទសប្តាហ៍ក្រោយដើម្បីផ្ទេរការងារទៅឱ្យស្ថាប័នទទួលខុសត្រូវក្រោមការត្រួតពិនិត្យរបស់ក្រសួង។

លោក Pichai បានបន្ថែមថា វិធានការបន្ទាន់ត្រូវធ្វើជាចាំបាច់ដើម្បីដោះស្រាយការកើនឡើងតម្លៃទំនិញនៅក្នុងប្រទេសថៃ ក៏ដូចជាដើម្បីរឹតបន្តឹងការគ្រប់គ្រងលើលំហូរចូលទំនិញនាំចូលពីប្រទេសចិន។ លោកថ្លែងថា ការងារអាទិភាពទីមួយរបស់គាត់គឺពិនិត្យមើលតម្លៃផលិតផល និងធ្វើការជាមួយអាជីវកម្មដើម្បីកាត់បន្ថយតម្លៃ ដែលនឹងសម្រាលបន្ទុកដល់សាធារណជន។

ទាក់ទងនឹងការនាំចូលទំនិញរបស់ចិន លោក Pichai បានទទួលស្គាល់ថាមានបញ្ហាប្រឈមនានា និងបាននិយាយថា វិធានការដែលមានស្រាប់នឹងត្រូវបានវាយតម្លៃឡើងវិញ។ លោកបានបន្តថា ប្រសិនបើបទប្បញ្ញត្តិបច្ចុប្បន្នបង្ហាញថាមិនមានប្រសិទ្ធភាព វិធានការបន្ថែមនឹងត្រូវដាក់ចេញដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ទោះជាយ៉ាងណា លោក Pichai បានចៀសវាងរំលេចពីផលិតផលរបស់ចិន ដោយនិយាយថា វាអាចហាក់ដូចជាថាប្រទេសថៃប្រឆាំងនឹងទំនិញនាំចូលពីប្រទេសចិន។

លោកបានបន្តថា វាមានសារៈសំខាន់ក្នុងការពន្លឿនការចរចាកិច្ចព្រមព្រៀង FTA ជាមួយប្រទេសផ្សេងទៀតព្រោះកិច្ចព្រមព្រៀងកាន់តែច្រើនអាចនាំឱ្យមានការបង្កើនការវិនិយោគបរទេសនៅក្នុងប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕