(ភ្នំពេញ)៖ រយៈពេល ៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចូលជីពីបរទេសមានទំហំទឹកប្រាក់ជាង ២៥០លានដុល្លារអាមេរិក កើនឡើង ២៤.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានទឹកប្រាក់ជាង២០១លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ផ្អែកតាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ផងដែរថា ការនាំចូលពេញមួយខែ សីហា មានតម្លៃជាង៣៥លានដុល្លារ កើនឡើង១៣.២% បើធៀបនឹងកាលពីខែសីហាដូចគ្នាកាលពីឆ្នាំ២០២៣ មានតម្លៃជាង៣១លានដុល្លារ។
តាមការវាយតម្លៃពីអ្នកជំនាញ ក្នុងវិស័យនេះបានឱ្យដឹងថា ក្នុង១ឆ្នាំកម្ពុជា អាចចំនាយខ្ទង់៤០០លានដុល្លារ នាំចេញជីពីក្រៅប្រទេស។
ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group និងជាអ្នកជំនួញក្នុងវិស័យកសិកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកញ្ញានេះថា កំណើននៃការនាំចូលជីកសិកម្មនេះ គឺជាសញ្ញាមួយដែលបង្ហាញពីការពង្រឹងលើផលិតកម្មកសិកម្មរបស់កម្ពុជា ដែលរំពឹងថានៅរដូវប្រមូលផលខាងមុខ ទិន្នផលកសិកម្មនៅកម្ពុជា នឹងទទួលបានកាន់តែប្រសើរឡើងជាងមុន។
លោកបានកត់សម្គាល់ទៀតថា ប្រជាកសិករបានចាប់ផ្តើម មើលឃើញវិស័យកសិកម្មជាវិស័យមួយ ដែលអាចជំរុញឱ្យជីវភាពកាន់តែប្រសើរជាងមុន តាមរយៈការធ្វើកសិកម្ម បែបអាជីវកម្ម ដែលធ្វើឱ្យបរិមាណនៃការប្រើប្រាស់ជីនៅកម្ពុជាមានការកើនឡើង ខុសកាលពីមុន ការធ្វើកសិកម្មគ្រាន់តែទម្លាប់ ឬសម្រាប់បំរុងស្បៀងនៅក្នុងគ្រួសារ សម្រាប់ប្រជាកសិករប៉ុណ្ណោះ៕