(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស ដែលចូលទស្សនារមណីយដ្ឋានអង្គរ, គ្រឹះស្ថានអង្គរ ដែលជាសហគ្រាសសាធារណៈរបស់រដ្ឋ ទទួលបន្ទុកប្រមូលចំណូលពីការលក់បណ្ណចូលទស្សនា តំបន់រមណីយដ្ឋានអង្គរ នឹងដាក់ឱ្យដំណើរការម៉ាស៉ីនស្វ័យប្រវត្តិ លក់សំបុត្រជូនភ្ញៀវទេសចរ សម្រាប់ការទស្សនារយៈពេល ១ថ្ងៃ។

ភ្ញៀវទេសចរដែលចូលទស្សនាតំបន់អង្គរ សម្រាប់រយៈពេល ១ថ្ងៃ នឹងលែងត្រូវការឈរតម្រង់ជួរទិញសំបុត្រ ដូចមុនទៀតហើយ។ ភ្ញៀវអាចទិញសំបុត្រតាមរយៈម៉ាស៉ីនស្វ័យប្រវត្តិ ដែលគ្រឹះស្ថានអង្គរ គ្រោងដាក់នៅ ៣ទីតាំង៖ ទី១ គ្រឹះស្ថានអង្គរ (ទីតាំងលក់សំបុត្របច្ចុប្បន្ន), ទី២-នៅមុខប្រាសាទអង្គរតូច និង៣-នៅក្នុងទីក្រុងសៀមរាប ដែលងាយឱ្យភ្ញៀវទិញសំបុត្របាន។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានបញ្ជាក់ថា «បើគ្មានអ្វីប្រែប្រួលទេ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងមកប្រកាសដាក់ឱ្យប្រើប្រាស់ម៉ាស៉ីនស្វ័យប្រវត្តិនេះ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ ដូច្នេះសម្រាប់ភ្ញៀវទេសចរ ដែលទិញសំបុត្រទស្សនាអង្គរសម្រាប់រយៈពេល១ថ្ងៃ អាចទិញតាមម៉ាស៉ីនស្វ័យប្រវត្តិនេះបាន ដោយមិនចាំបាច់តម្រូវឱ្យមានរូបថត ឬត្រូវបំពេញព័ត៌មានអ្វីនោះទេ។ ដោយឡែកសម្រាប់បណ្ណចូលទស្សនារយៈពេល៣ថ្ងៃ និង៧ថ្ងៃ គឺនៅរក្សាលក់ក្នុងបញ្ជរដដែល ប៉ុន្តែនៅពេលខាងមុខ យើងធ្វើការកែសម្រួលឱ្យមានភាពទន់ភ្លន់ជាងនេះ»

លោកបន្តថា​ ការដែលប័ណ្ណសម្រាប់រយៈពេល ៣ថ្ងៃ និង ៧ថ្ងៃ មិនអាចលក់ដោយម៉ាស៉ីនស្វ័យប្រវត្តិនេះ បានដោយសារតែត្រូវការ រូបថតរបស់ភ្ញៀវ ដើម្បីងាយស្រួលគ្រប់គ្រងចំណូល។ តែនៅដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរ អាចនឹងអនុវត្តការកែសម្រួលនីតិវិធីលក់សំបុត្រ ឱ្យមានភាពបត់បែន ដោយប្តូរទៅលក់សំបុត្រតាមក្រុមប្រាសាទវិញ។

លោក លី សែ បានបញ្ជាក់ថា «នៅដើមឆ្នាំ២០២៥ខាងមុខ យើងអាចនឹងប្តូរការលក់សំបុត្រ មិនលក់សម្រាប់រយៈពេល ១ថ្ងៃ, ៣ថ្ងៃ និង៧ថ្ងៃទៀតទេ យើងនឹងលក់តាមក្រុមប្រាសាទវិញ ហើយបើតាមការសិក្សាយើងនឹងអាចញែក ក្រុមប្រាសាទជា ១៧ក្រុមប្រាសាទ និងធ្វើចំណាត់ថ្នាក់ (A B C D...) កំណត់តម្លៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ទេសចរ ដែលគាត់ចង់មើលប្រាសាទណា គាត់ចំណាយតែប្រាសាទ ដែលគាត់ចង់មើល ហើយការកែប្រែនឹងក៏ងាយស្រួល ក្នុងការគ្រប់គ្រងលំហូរភ្ញៀវទេសចរទៅ តាមប្រាសាទផងដែរ»

សម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ ដុល្លារមានសុពលភាព១០ថ្ងៃ និង ៧ថ្ងៃ មានតម្លៃ ៧២ ដុល្លារ មានសុពលភាព៣០ថ្ងៃ។

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៦៥១ ៤៥៧នាក់ កើន៣០.៧៦% និងទទួលបានចំណូល ៣០ ៣៣៤ ២២៩ដុល្លារអាមេរិក កើនឡើង៣១.៣៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣៕