(បាងកក)៖ ការស្ទង់មតិមួយបានបង្ហាញនៅថ្ងៃអង្គារថា បំណុលគ្រួសារជាមធ្យមនៅប្រទេសថៃបានកើនដល់កម្រិតខ្ពស់បំផុត ដោយសារកំណើនសេដ្ឋកិច្ចយឺត ប្រាក់ចំណូលទាប និងការចំណាយលើការរស់នៅខ្ពស់ ហើយប្រជាជនកំពុងមានបញ្ហាក្នុងការបង់សងប្រាក់កម្ចីរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការស្ទង់មតិដែលធ្វើឡើងដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ នៅដើមខែកញ្ញាបានបង្ហាញថា បំណុលជាមធ្យមក្នុងមួយគ្រួសារមានចំនួន ៦០៦ ៣៧៨បាត (១៧ ៩០៨ដុល្លារអាមេរិក) កើនឡើង ៨,៤ភាគរយធៀបនឹងឆ្នាំមុន ។ បំណុលនេះ គឺជាកម្រិតបំណុលជាមធ្យមខ្ពស់បំផុតគិតចាប់តាំងពីការស្ទង់មតិនេះ បានចាប់ផ្តើមក្នុងឆ្នាំ២០០៩។

កម្រិតបំណុលនេះ បានដាក់បន្ទុកលើសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ។ កំណើនសេដ្ឋកិច្ចមានកម្រិតទាបជាងសេដ្ឋកិច្ចរបស់ប្រទេសជិតខាងក្នុងតំបន់របស់ខ្លួន ខណៈពេលដែលក៏ប្រឈមនឹងអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលមួយទសវត្សរ៍ និងការធ្លាក់ចុះការនាំចេញក្នុងគ្រាដែលមានកំណើនសេដ្ឋកិច្ចយឺតនៅក្នុងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ថៃ។

រដ្ឋាភិបាលថៃនិងធនាគារកណ្តាលថៃបានសម្តែងការព្រួយបារម្ភអំពីបំណុលគ្រួសារដែលមានចំនួន ១៦,៤ពាន់ពាន់លានបាត (៤៨៤ពាន់លានដុល្លារ) ឬស្មើនឹង ៩០,៨ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅដំណាច់ខែមីនា ឆ្នាំ២០២៤ ដែលស្ថិតក្នុងចំណោមប្រទេសមានបំណុលខ្ពស់បំផុតនៅអាស៊ី។

ការស្ទង់មតិដែលធ្វើឡើងជាមួយអ្នកឆ្លើយសំណួរចំនួន ១ ៣០០នាក់ក្នុងអំឡុងពីថ្ងៃទី១ ដល់ទី ៧ខែកញ្ញានេះ បានរកឃើញថា អ្នកឆ្លើយសំណួរភាគច្រើនមានបញ្ហាជាមួយនឹងការបង់សងបំណុលរបស់ខ្លួនកាលពីឆ្នាំមុន ហើយនឹងប្រឈមមុខនឹងបញ្ហាដូចគ្នាក្នុងឆ្នាំបន្ទាប់។

លោក Thanavath Phonvichai សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទរ ខណៈថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងបានប្រឈមនឹងបញ្ហាបំណុលជាយូរមកហើយ ហើយយើងមិនអាចដោះស្រាយអ្វីបានទេ»៕