(ហ្សាការតា)៖ មន្ត្រីក្នុងឧស្សាហកម្មធ្យូងថ្ម បាននិយាយថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាវៀតណាម និងហ្វីលីពីន រំពឹងថានឹងជំរុញពាណិជ្ជកម្ម និងការប្រើប្រាស់ធ្យូងថ្មក្នុងទសវត្សរ៍នេះ ទោះបីជាតម្រូវការពីប្រទេសចិនដែលជាអ្នកប្រើប្រាស់ធ្យូងថ្មច្រើនជាងគេក្នុងពិភពលោក ខិតជិតដល់កម្រិតកំពូល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Priyadi ប្រធានសមាគមក្រុមហ៊ុនរ៉ែធ្យូងថ្មឥណ្ឌូណេស៊ី (ICMA) ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈធ្វើបទបង្ហាញនៅក្នុងសន្និសីទ Coaltrans Asia ថា សមាគមរំពឹងថា ការនាំចូលដោយប្រទេសចិន និងឥណ្ឌានឹងកើនឡើងដល់កម្រិតកំពូលនៅឆ្នាំ២០២៤ ដោយបញ្ចប់កំណើននាំចេញពិភពលោកនៃពាណិជ្ជកម្មឥន្ធនៈបំពុលបរិយាកាសនេះ។
ទោះយ៉ាងណា សមាគម ICMA រំពឹងថា ការនាំចូលធ្យូងថ្មប្រចាំឆ្នាំដោយបណ្តាប្រទេសអាស៊ីអាគ្នេយ៍រួមទាំងវៀតណាម និងហ្វីលីពីនផងដែរនោះ នឹងកើនឡើងជិត ៣ភាគរយជាមធ្យមក្នុងមួយឆ្នាំដល់ ១៧០,៩លានតោនក្នុងឆ្នាំ ២០៣០ ពីចំនួន ១៤០,៩លានតោនក្នុងឆ្នាំ២០២៣។
ពាណិជ្ជករនិងមន្ត្រីក្នុងឧស្សាហកម្មបាននិយាយនៅក្នុងសន្និសីទនេះថា ការផលិតថាមពលនៅក្នុងប្រទេសវៀតណាម ដែលជាសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត នៅអាស៊ីអាគ្នេយ៍ ត្រូវបានគេមើលឃើញថា ជាទីផ្សារកំណើនដ៏មានសក្ដានុពលបំផុតសម្រាប់ធ្យូងថ្ម ។
លោក Dinh Quang Trung អគ្គនាយករងផ្នែកពាណិជ្ជកម្មធ្យូងថ្មនៅក្រុមហ៊ុនរដ្ឋវៀតណាម Vinacomin បាននិយាយថា លោករំពឹងថាប្រទេសវៀតណាមនឹងនាំចូលធ្យូងថ្មចំនួន ៦៦លានតោននៅចុងឆ្នាំនេះ។ យោងតាមក្រុមហ៊ុនវិភាគ Kpler បានឱ្យដឹងថា បរិមាណនេះធៀបនឹងចំនួន ៤៧,៨លានតោនក្នុងឆ្នាំ២០២៣។
លោកបានមានប្រសាសន៍ថា៖ «ការនាំចូលធ្បូងថ្មរបស់យើងនឹងកើនដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០៣៥ ដល់ចំនួន ៨៦លានតោនក្នុងមួយឆ្នាំ។ ប្រហែល ៧០ ទៅ ៧៥ភាគរយនៃការប្រើប្រាស់សរុបរបស់យើងគឺសម្រាប់ថាមពលអគ្គិសនី»។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទិន្នន័យរបស់ក្រុមហ៊ុន Kpler បានបង្ហាញថា ការនាំចូលធ្យូងថ្មដោយប្រទេសហ្វីលីពីនបានកើនឡើង ៧,៦ភាគរយក្នុងអំឡុងពេលប្រាំបីខែដំបូងក្នុងឆ្នាំនេះ ខណៈដែលការនាំចូលរបស់ម៉ាឡេស៊ីបានកើនឡើង ៤ភាគរយ។
ខណៈពេលដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវបានរំពឹងថានឹងជំនួសប្រទេសចិន និងឥណ្ឌាក្នុងនាមជាទីផ្សារដ៏សំខាន់សម្រាប់ប្រទេសនាំចេញធ្យូងថ្ម មន្ត្រីនៅក្នុងឧស្សាហកម្មធ្យូងថ្មនៅតែរំពឹងថា ការប្រើប្រាស់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំងពីរនេះនឹងនៅតែមានកម្រិតខ្ពស់។ ការនាំចូលត្រូវបានរំពឹងថា នឹងកើនឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយនៅតែមានស្ថិរភាពភាគច្រើនក្នុងរយៈពេលនៅសល់នៃទសវត្សរ៍នេះ។
លោក Feng Dongbin អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Fenwei Digital Information Technology ដែលដំណើរការវេទិកាវិភាគធ្យូងថ្មរបស់ចិន ឈ្មោះ Sxcoal បាននិយាយថា ការនាំចូលធ្យូងថ្មកំដៅដោយប្រទេសចិនត្រូវបានរំពឹងថានឹងកើនឡើង ៦,៣ភាគរយដល់ ៣៩១លានតោនក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣៕