(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ប្រជាកសិករបានត្អូញត្អែរពីការធ្លាក់ចុះ តម្លៃស្រូវនៅលើទីផ្សារ ដោយប្រជាកសិករបានធ្វើការប្រៀបធៀបតម្លៃស្រូវកាលពីឆ្នាំទៅ ហើយកត្តាប្រធានស័ក្តិ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ដង្ហូវហ្វូងថ្មី ទាំងនេះហើយជាហេតុនាំឱ្យប្រជាកសិករបន្ថែមដើមទុនមួយកម្រិតទៀត ដើម្បីដោះស្រាយបញ្ហា។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា កាលៈទេសៈបែបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំប្រឹងប្រែងលើកទឹកចិត្ត ឱ្យប្រជាកសិករខ្មែរ ងាកមកដាំពូជស្រូវក្នុងស្រុក ដូចជាសែនក្រអូប០១ ផ្ការំដួល ដែលមានទីផ្សារស្រាប់។

កញ្ញាបានបន្តថា ក្រសួងក៏បានសហការជាមួយរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ឱ្យទទួលទិញពូជស្រូវជាតិ ពីប្រជាកសិករ នៅក្នុងតម្លៃមួយខ្ពស់ជាង ពូជស្រូវនាំចូល។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់ថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចរចារជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ ជាមួយនឹងសហព័ន្ធស្រូវអង្ករ ធ្វើយ៉ាងណាឱ្យទទួលទិញស្រូវសែនក្រអូប០១ នេះពីប្រជាកសិករ នៅក្នុងតម្លៃថ្លៃជាងពូជស្រូវដែលនាំចូលពីបរទេស។ ហើយសព្វថ្ងៃនេះ មានរោងម៉ាស៊ីនកិនស្រូវមួយចំនួន ធានាទទួលទិញពូជស្រូវសែនក្រអូប០១នេះ នៅក្នុងតម្លៃរហូតដល់ទៅ ១,៤០០រៀលក្នុងមួយគីឡូក្រាម ប្រសិនជាពូជស្រូវដែលប្រជាកសិករប្រមូលផល ជាពូជសុទ្ធល្អ ស្របទៅតាមស្ដង់ដារ»

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានបន្តថា ក្រសួងជំរុញឱ្យប្រជាកសិករដាំដុះពូជស្រូវជាតិ ដែលមានទីផ្សារស្រាប់ ទាំងនៅចិនផង អឺរ៉ុបផង ដែលនេះជាការចូលរួមលើកតម្កើងពូជស្រូវជាតិ។

កញ្ញា អ៊ឹម រចនា បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏ចូលរួមបង្កើននូវមុខមាត់ពូជស្រូវជាតិរបស់ខ្មែរយើង នៅលើទីផ្សារអន្តរជាតិឱ្យគេស្គាល់កាន់តែច្រើនផងដែរ។

កញ្ញាបានសង្កត់ធ្ងន់ថា «ប្រសិនបើប្រជាកសិករយើង នៅតែបន្តការដាំដុះពូជស្រូវនាំចូលពីបរទេស វាប្រៀបបានទៅនឹងការខ្ចីដង្ហើមគេដក។ កម្ពុជាមានពូជស្រូវដែលល្អ ផ្ការំដួល ដែលឈ្នះពានរង្វាន់ជាអង្ករល្អដាច់គេ នៅលើពិភពលោក៥ដង, ពូជស្រូវសែនក្រអូប០១ ដែលទទួលបានពានរង្វាន់មាសជាអង្ករល្អដាច់គេ ពីប្រទេសចិនកាលពីពេលថ្មីៗនេះ។ យើងមានរបស់ល្អហើយ យើងមានពូជស្រូវរបស់ជាតិ ដែលអាចលក់ចេញបាននៅក្នុងតម្លៃខ្ពស់ជាងពូជស្រូវបរទេស តើយើងត្រូវចាំដល់ពេលណាទៀត ដើម្បីលើកតម្កើងពូជស្រូវជាតិ របស់យើងឱ្យកាន់តែលិចធ្លោ ជាជាងដាំពូជស្រូវពីបរទេស ដែលតម្លៃតែងតែត្រូវបានសង្កត់ ដោយឈ្មួញមកពីប្រទេសជិតខាង»

សូមជម្រាបថា ពូជស្រូវសែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស​ ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំ​ពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

ចំណែកឯ ពូជស្រូវផ្ការំដួល ជាពូជស្រូវក្រអូបដែលត្រូវបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនប្រជាកសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ១៩៩៩។ បន្ទាប់ពីបានសិក្សា និងពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំ ក្រោមកិច្ចគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ជាពិសេសរដ្ឋាភិបាលអូស្ត្រាលី រហូតទទួលបានមោទនភាពលើឆាកអន្តរជាតិ ក្នុងនាមជាអង្ករកម្ពុជាដែលល្អដាច់គេបំផុត ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំនៅខេត្តភូកេត ប្រទេសថៃ៕