(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំកម្មវិធី «វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ «ការប្រែក្លាយខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជា ឲ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្ដរភាព» ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល នៃវិស័យស្រូវអង្ករកម្ពុជា ទៅកាន់ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាព ផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀត របស់វិស័យស្រូវអង្ករកម្ពុជា។
«វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤» បានប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយមានការចូលរួមបើកវេទិកាពីរដ្ឋមន្រ្តីចំនួនរូប គឺ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវត្តមាន ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងវេទិកា ស្រូវអង្ករកម្ពុជាលើកទី៧ នេះ គឺឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ពីគ្រប់វិស័យដើម្បីធ្វើឱ្យខ្សែច្រវាក់ផលិតកម្មស្រូវអង្ករកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបានឱ្យដឹងថា កម្មវិធីនេះមានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជា ទៅកាន់ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាព ផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀតរបស់វិស័យស្រូវអង្ករកម្ពុជា ,ចែករំលែកដល់អង្គវេទិកា ស្តីអំពីនិន្នាការនៃទីផ្សារ ការដាំដុះ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធដល់ការដាំដុះ ស្រូវ ការកិនកែច្នៃស្រូវអង្ករ, ចែករំលែកដល់អង្គវេទិកាស្តីអំពីទស្សនៈវិស័យ គោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល លើវិស័យស្រូវអង្ករកម្ពុជា, វេទិកាសម្រាប់ពិភាក្សាដើម្បីស្វែងរកធាតុចូល និងអនុសាសន៍នានាសម្រាប់លើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជា។
ជាមួយគ្នានេះ ការរៀបចំវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នេះ គឺក្នុងគោលបំណងធំមួយទៀតលើការពង្រឹង និងពង្រីកខ្សែ ច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលបរិយាកាស និងនិន្នាការពិភពលោកលើការ ធ្វើឱ្យប្រសើរឡើងបរិដ្ឋាន ការទទួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អ ដែលជាការកម្រិត និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ សម្រាប់ការនាំចេញអង្ករដែលចាប់ផ្តើមអនុវត្តន៍ សម្រាប់ទីផ្សារសហគមន៍អឺរ៉ុប ពីដើមឆ្នាំ២០២៦តទៅ។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យស្រូវអង្ករ។ ការយកចិត្តទុកដាក់ គឺតាមបណ្តោយខ្សែច្រវ៉ាក់តម្លៃទាំងមូល ចាប់ពីការដាំដុះ ការប្រមូលផល រហូតដល់ការកែច្នៃវេចខ្ចប់ និងការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅស្រុក។
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យភាគីពាក់ព័ន្ធ បន្តពង្រីកភាពជាដៃគូរវាងរដ្ឋ ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ដើម្បីជំរុញការបង្កើតថ្មីក្នុងស្របខណ្ឌស្រូវ និងអង្ករតាមរយៈការស្រាវជ្រាវ ក៏ជាការវិនិយោគលើបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីបង្កើតផលិតផល បរិមាណ គុណភាព និងភាពធន់របស់ស្រូវអង្ករ និងការប្រួលប្រួលនៃអាកាសធាតុ។
ជាមួយគ្នានេះ លោកលើកទឹកចិត្តឱ្យបន្តវិនិយោគលើការដឹកជញ្ជូន កន្លែងស្តុកទុក នឹងរោងចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផល ស្រូវអង្ករ ជាពិសេសសម្រាប់ទីផ្សារថ្មីៗ។ ការវិនិយោគនេះមិនត្រឹមតែជួយដល់ការផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ថែមទាំងជំរុញកំណើតសេដ្ឋកិច្ចក្នុងស្រុក និងលើកម្ពស់អធិបតេយ្យភាពស្បៀងអាហារ និងសន្តិសុខស្បៀងផងដែរ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចែករំលែកនូវអនុសាសន៍ផ្ទាល់ខ្លួន ដល់សហព័ន្ធស្រូវអង្ករកម្ពុជា, ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖
១. បន្តសហការជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនហ្រ្គីនត្រេដ ក្នុងការចូលរួមរក្សាបាននូវសន្តិសុខស្បៀង និងសម្របសម្រួលសម្រាប់ការផ្គត់ផ្គង់និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ
២. ចូលរួមប្រតិបត្តិការពាណិជ្ជកម្មតាមបណ្តាព្រំដែនស្របច្បាប់ ប្រកបដោយក្រមសីលធម៌និងតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណ:ប្រកួតប្រជែង ការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ និងបង្កើនភាពជឿជាក់និងរក្សាបានកេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅក្នុងទីផ្សារជាតិ និងអន្តរជាតិ
៣. ចូលរួមលើកកម្ពស់ និងការការពារកម្មសិទ្ធិបញ្ញា តាមរយៈការកសាងនិងជំរុញផ្សព្វផ្សាយម៉ាក ជាពិសេសម៉ាកសមូហភាព និងការពង្រឹងគុណភាពអង្ករកម្ពុជា
៤. សហការគ្នា និងស្វែងរកមតិកែលម្អពីភាគីពាក់ព័ន្ធ និងអនុវត្តវិធានការចាំបាច់នានា ដើម្បីបង្កើនប្រសិទ្ធភាពនិងគុណភាព រក្សាទីផ្សារដែលមានស្រាប់និងពង្រីកទីផ្សារថ្មីបន្ថែម
៥. បន្តកិច្ចសហការជាប្រចាំ ជាមួយអ្នកនាំចូលអង្ករទាំងអស់ ដែលជាដៃគូធ្វើពាណិជ្ជកម្មរបស់កម្ពុជា៕