(ភ្នំពេញ)៖ មិនយូរទៀតទេ កម្ពុជានឹងមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ២ថែមទៀត ដែលមានទុនវិនិយោគសរុបរហូតដល់ជិត ៧០០ដុល្លារ នៅខេត្តក្រចេះ និងខេត្តស្វាយរៀង។

គម្រោងវិនិយោគបង្កើត «រោងចក្រផលិតសំបកកង់រថយន្ត» ទាំងពីរនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យដំណើរការសាងសង់ ក្នុងខែសីហាឆ្នាំ២០២៤។ គម្រោងវិនិយោគទាំងពីរនេះរួមមាន៖

* ទី១៖ គម្រោងវិនិយោគបង្កើត រោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋ-កិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងខេត្ដក្រចេះ ក្នុងទុនវិនិយោគ ៤៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៩៥៩កន្លែង។

* ទី២៖ គម្រោងវិនិយោគ បង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងខេត្ដស្វាយរៀង ក្នុងទុនវិនិយោគប្រមាណជាង ២៥៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។

អ្នកជំនួញយល់ឃើញថា ការមានរោងចក្រផលិតសំបកកង់រថយន្តកាន់តែច្រើន គឺជាការលើកទឹកចិត្ដដល់អ្នកដាំកៅស៊ូ និងជំរុញឱ្យការដាំដុះកៅស៊ូជាបន្តបន្ទាប់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា «នេះគឺជាដំណឹងល្អ សម្រាប់អ្នកធ្វើមុខរបរវិស័យកៅស៊ូ ជាពិសេសអ្នកដាំកៅស៊ូ នៅក្នុងប្រទេសកម្ពុជា ដែលមានប្រមាណជាង ៤០ម៉ឺនហិកតា ដែលជាការរំពឹងទុក របស់អ្នកដាំកៅស៊ូ មានទីផ្សារនៅក្នុងស្រុក ដែលកន្លងមកមានតែទីផ្សារនាំចេញ»

អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា បើសិនជាមានរោងចក្រ ទទួលទិញប្រកបដោយនិរន្ដភាព ពីអ្នកផលិតកៅស៊ូនោះ នឹងធ្វើឲ្យអ្នកដាំកៅស៊ូ មានការកើនឡើង មិនត្រឹមតែប៉ុណ្ណឹងនោះទេ គឺអាចទាក់ទាញអ្នកវិនិយោគពីបរទេស មកដាំកៅស៊ូនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដែលអាចពង្រីកទំហំផ្ទៃដី ការដាំកៅស៊ូមានការកើនឡើងផងដែរ។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការរួមមាន៖

ទី១៖ ក្រុមហ៊ុន CART TIRE CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ (ខេត្ដស្វាយរៀង) បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ៥០ហិកតា ក្រោមទុនវិនិយោគ ៧៨៧លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក, កាណាដា, សមគមន៍អីរ៉ុប និងអាស៊ី ដែលម៉ាក «Sailun»

ទី២៖ ក្រុមហ៊ុន GENERAL TIRES TECHNOLOGY (CAMBODIA) CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (ខេត្ដព្រះសីហនុ) បានដំណើរការ នៅឆ្នាំ២០២២ លើទំហំផ្ទៃដី២០ហិកតា ក្រោមទុនវិនិយោគ ២៩៧លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក និងមានគម្រោងនាំចេញទៅទីផ្សារប្រទេសប្រេស៊ីល ដែលម៉ាក «Sailun»

ទី៣៖ រោងចក្រផលិតសំបកកង់រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ តម្លៃជាង១៣៨លានដុល្លារ បានបើកឲ្យ ដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក, សហគមន៍អីរ៉ុប និងប្រទេសប្រេស៊ីល ដែលមានម៉ាក «DoubleStar»

ការរីកចម្រើនជាបន្តបន្ទាប់ នៃឧស្សាហកម្មផលិតសំបកកង់យានយន្ត នៅកម្ពុជានេះ បានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ អំពីការផ្តល់សេចក្តីទុកចិត្ត របស់វិស័យឯកជនមកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម។

បច្ចុប្បន្នប្រទេសកម្ពុជា មានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%៕