(ភ្នំពេញ)៖ សហគ្រិនខ្មែរ បានរៀបចំ «ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី» លើកទី២ របស់ខ្លួន ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធឱ្យមកជួបជុំគ្នា ចែករំលែកការយល់ដឹង និងសហកាគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា។

«ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី» បានរៀបចំឡើង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ។

ថ្លែងក្នុងទិវានេះ លោក ហែម វណ្ណឌី បានលើកឡើងថា សហគ្រិនខ្មែរ ដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈពង្រឹងទំនាក់ទំនងធុរកិច្ច និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ឱ្យស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ តួនាទីស្នូលមួយរបស់ សហគ្រិនខ្មែរ គឺបង្កើនប្រសិទ្ធិភាពធនធាន និងការផ្សាភ្ជាប់អាជីវកម្មក្នុងស្រុកទៅកាន់ឱកាសផ្សេងៗ ដូចជាការទទួលបានវិញ្ញាបនបត្រកម្ម ការចាប់យកស្តង់ដារ និងឱកាសចូលទៅកាន់ទីផ្សារ ដើម្បីធានាថា អាជីវកម្មក្នុងស្រុកអាចរីកចម្រើន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ីលើកទី២នេះ រួមមានការបង្ហាញលម្អិតអំពីសមិទ្ធផលសំខាន់ៗ រយៈពេល៤ឆ្នាំ របស់សហគ្រិនខ្មែរ ការបង្ហាញគំនិតផ្តួចផ្តើមថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរួម តាមរយៈការចេញផ្សាយសៀវភៅប្រចាំឆ្នាំរបស់ខ្លួន។ លើសពីនេះ កម្មវិធីក៏បានរៀបចំឱ្យមានកិច្ចសន្ទនា រវាងតំណាងក្រសួង-ស្ថាប័ន ស្ថានទូត ដៃគូអភិវឌ្ឍន៍ សមាគមធុរកិច្ច និងភាគីពាក់ព័ន្ធផ្សេងៗ ដោយផ្តោតលើការពង្រឹងភាពជាដៃគូ ដើម្បីគាំទ្រដល់សហគ្រិនក្នុងស្រុកផងដែរ។

គិតមកដល់ពេលនេះ សហគ្រិនខ្មែរ បានផ្តល់ការគាំទ្រដល់អ្នកទទួលផលប្រមាណ៥៧,០០០នាក់ និងបានផ្តល់ ហិរញ្ញប្បទានដល់សហគ្រិនចំនួន៧៦០នាក់នៅទូទាំងប្រទេស។ ក្នុងនាមជាអង្គភាពបរធនបាលរបស់រដ្ឋាភិបាល សហគ្រិនខ្មែរ បាននិងកំពុងអនុវត្តកម្មវិធី និងសហការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទទួលផល៕