(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១.២ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤៦គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៧គម្រោង អាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។
ជាការកត់សម្គាល់ គម្រោងវិនិយោគ ដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះរួមមាន៖ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ៨០លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន៦៨៣កន្លែង។
គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគ បង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ១៩លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ១,០៥៣កន្លែង។
គម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម ដោយកែច្នៃផលិតផលពាក់កណ្តាលសម្រេច ដែលមានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ បន្ថែម២៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ២០០កន្លែង។
គម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗ និងរោងចក្រ កែច្នៃ ផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុក ដំណាក់បង្អើរ ខេត្តកែប ក្នុងទុនវិនិយោគប្រមាណជាង២៥លានដុល្លារ និងអាចបង្កើត ការងារបានចំនួន២៧១កន្លែង។
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិល ដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន ៨០លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន៧៧៥កន្លែង។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ ៤៣០លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ១,៩៥៩កន្លែង។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគប្រមាណជាង ២៥៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទ គ្មានជាតិអាល់កុលដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណជាង ៤០លានដុល្លារ និងអាចបង្កើតការងារបានចំនួន៨៣កន្លែង។
គួរបញ្ជាក់ថា ក្នុងខែសីហា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខ រៀងទី១ ដោយបានរួមចំណែក៨៤.៧២% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគ ក្នុងស្រុកគ្រប ដណ្តប់៩,១២% នៃទុនវិនិយោគសរុប៕