(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីនឹងចាប់ផ្តើមសាងសង់ស្ថានីយទី៥ នៃអាកាសយានដ្ឋានអន្តរជាតិ Changi ដែលជានិមិត្តរូបរបស់ខ្លួន ក្នុងឆមាសទីមួយឆ្នាំក្រោយ ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរ ៥៦%។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។
កាសែត VnExpress បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ នៅចុងសប្តាហ៍មុនថា ស្ថានីយថ្មីនេះមានគោលបំណងតភ្ជាប់ប្រទេសសិង្ហបុរី ទៅកាន់ទីក្រុងជាង ២០០ ដែលកើនឡើងពីចំនួនជិត ១៥០នៅពេលបច្ចុប្បន្ន។
ស្ថានីយទី៥ ដែលជាគម្រោងធំមួយ ត្រូវបានរំពឹងថានឹងបង្កើនសមត្ថភាពអ្នកដំណើរប្រចាំឆ្នាំ របស់អាកាសយាន្ដដ្ឋាន Changi ចំនួន ៥០លាននាក់ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១៤០លាននាក់ នៅពេលបញ្ចប់ការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០៣០។
លោក Wong បាននិយាយថា ប្រទេសមួយចំនួននៅក្នុងតំបន់ និងក្រៅតំបន់ កំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះរបស់ពួកគេ ដើម្បីបម្រើតម្រូវការដែលកំពុងកើនឡើង។
លោកបាននិយាយថា៖ «ប្រទេសខ្លះបានប្រកាសផែនការសាងសង់ព្រលានធំៗ ដែលអាចផ្ទុកអ្នកដំណើរបានជាង ១០០លាននាក់ក្នុងមួយឆ្នាំ។ ដូច្នេះពួកគេកំពុងបង្រួមគម្លាតជាមួយសិង្ហបុរី»។ លោកបានបន្ថែមថា៖ «យើងមិនអាចសម្រាកត្រឹមនេះបានទេ»៕