(ស៊ាងហៃ)៖ មន្ត្រីជាន់ខ្ពស់ចិន បានប្រាប់សមភាគីអាមេរិករបស់ខ្លួន ក្នុងអំឡុងកិច្ចពិភាក្សាពាណិជ្ជកម្ម កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ប្រទេសចិនសម័យទំនើប ដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោក គឺជាឱកាសមិនមែនជាការគំរាមកំហែង សម្រាប់សហរដ្ឋអាមេរិកទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា យោងតាមក្រសួងពាណិជ្ជកម្មចិនថា លោក Wang Shouwen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចពិភាក្សាជាមួយអ្នកស្រី Marisa Lago អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក ទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុងទៀនជីន (Tianjin)។
កិច្ចប្រជុំនេះ គឺជាជំនួបលើកទីពីរក្នុងឆ្នាំនេះ ដែលមានការចូលរួមពីមន្ត្រីទាំងពីរ និងបានរៀបចំធ្វើឡើងក្នុងគ្រា ដែលមានភាពតានតឹងពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចទាំងពីរ។
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឱ្យដឹងនៅដើមសប្តាហ៍មុនថា សហរដ្ឋអាមេរិកគួរ តែលុបចោលការដកហូតពន្ធគយទាំងអស់ លើទំនិញរបស់ចិន ដែលការលើកឡើងនេះ បានធ្វើឡើងមុនពេលមានការប្រកាសដោយរដ្ឋាភិបាល របស់លោកប្រធានាធិបតី ចូ បៃឌិន ស្តីពីការដំឡើងពន្ធគយលើទំនិញ ដែលផលិតនៅប្រទេសចិន រួមទាំងរថយន្តអគ្គិសនីផងដែរ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនដោ យក្រសួងពាណិជ្ជកម្មចិនថា ក្រសួងបាននិយាយថា ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នា «ប្រកបដោយវិជ្ជាជីវៈ សមហេតុផល និងជាក់ស្តែង» ស្តីពីគោលនយោបាយ និងបញ្ហាធុរកិច្ចដែលលើកឡើង ដោយសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។
ក្រសួងបានបន្ថែមថា ប្រទេសចិនបានផ្តោតលើការបង្ហាញពីការព្រួយបារម្ភ អំពីបញ្ហានានារួមទាំងបញ្ហាពន្ធ ដែលអាមេរិកដកហូតលើទំនិញរបស់ចិន ហើយបាននិយាយថា ប្រទេសចិនបានប្រឆាំងនឹងការដាក់ការរឹតបន្តឹងលើពាណិជ្ជកម្ម និងការវិនិយោគស្ថិតក្រោមលេសថា ផលិតលើសចំណុះ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា វិស័យមួយចំនួនរបស់ប្រទេសចិនទទួលបាន ការគាំទ្រពីរដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលថ្នាក់តំបន់ រហូតដល់កម្រិតមួយ ដែលមានក្រុមហ៊ុនច្រើនពេក។ ការណ៍នេះបាននាំឱ្យមានបរិមាណផលិតកម្មលើសចំណុះ ហើយជាលទ្ធផលនាំឱ្យមានផលិតផលតម្លៃថោក ដែលត្រូវបានយកទៅលក់នៅក្នុងទីផ្សារបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕