Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងពីជំនួញ៖ អ្នកជំនួញមួយរូបលើកឡើងថា ដើម្បីជំរុញឱ្យសហគ្រាសក្នុងស្រុក មានលទ្ធភាពផលិតទំនិញ ដែលមានតម្លៃទាបជាងទំនិញនាំចូល ទាមទារការលើកទឹកចិត្តពីរាជរដ្ឋាភិបាល (Video inside)

08-09-2024 13:09

(ភ្នំពេញ)៖ អ្នកជំនួញក្នុងស្រុកមួយរូប បានលើកឡើងថា ដើម្បីជំរុញឱ្យទំនិញផលិតក្នុងស្រុក មានតម្លៃទាប ឬអាចប្រកួតប្រជែងជាមួយនឹងទំនិញនាំចូលបាន រាជរដ្ឋាភិបាល គួរតែផ្តល់ការលើកទឹកផ្សេងៗ ដើម្បីឱ្យសហគ្រាសក្នុងស្រុក ជាពិសេសសហគ្រាសទើបបង្កើតថ្មី មានលទ្ធភាពផលិតទំនិញ ដែលមានតម្លៃទាបជាងរបស់នាំចូល។

ថ្លែងក្នុងកម្មវិធី FRESH BUSINESS របស់បណ្តាញព័ត៌មាន Fresh News អ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានកត់សម្គាល់ថា អ្វីដែលម្ចាស់អាជីវកម្មជួបប្រឈមក្នុងការធ្វើអាជីវកម្ម គឺការប្រកួតប្រជែងទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសារតែថ្លៃដើមនៃការផលិតនៅកម្ពុជាមានតម្លៃខ្ពស់ ដែលធ្វើឱ្យទំនិញរបស់កម្ពុជាមានតម្លៃខ្ពស់ជាងរបស់នាំចូល ជាហេតុជំរុញឱ្យអ្នកប្រើប្រាស់ភាគច្រើនទិញទំនិញនាំចូលច្រើនជាងទំនិញផលិតក្នុងស្រុក ។

លោកលើកឡើងថា កត្តានេះហើយដែលជំរុញឱ្យអាជីវកម្មមួយចំនួន ប្រឈមនឹងការបិទទ្វារ ខណៈអាជីវកម្មថ្មីក៏មិនហ៊ានចាប់ផ្តើម។

លោកយល់ថា រាជរដ្ឋាភិបាលគួរតែធ្វើការសិក្សា ផ្តល់នូវការលើកទឹកចិត្ត តាមរយៈការរិះរកយុទ្ធសាស្រ្តនានា ដើម្បីគាំទ្រទៅដល់សហគ្រាស ឬរោងចក្រនៅក្នុងប្រទេសកម្ពុជា អាចទទួលបានប្រាក់លើកទឹកចិត្ត ឬការលើកលែងពន្ធណាមួយ ដើម្បីឱ្យអាជីវកម្មរបស់គាត់អាចផលិតបានផលិតផល ដែលមានតម្លៃថោក និងអាចធ្វើការប្រកួតប្រជែងជាមួយទំនិញទីផ្សារសាកល ព្រោះបើសិនជាសហគ្រាសមួយ ឬរោងចក្រមួយចំនួន ផលិតទំនិញថ្លៃនៅលើទីផ្សារ នឹងធ្វើឱ្យអាជីវកម្មនោះឈាន ទៅដល់ការបិទទ្វារ។

លោកបន្ថែមថា «អ្នកផលិតគាត់ត្រូវការគាំទ្រពីរាជរដ្ឋាភិបាលរបស់យើង ដើម្បីធ្វើម៉េចឱ្យគាត់អាចធ្វើទៅបាន អាចបន្ទាបតម្លៃបាន ដែលអាចឱ្យប្រជាពលរដ្ឋរបស់យើងមានលទ្ធភាពទិញប្រើប្រាស់ បានក្នុងតម្លៃសមរម្យ ប្រសិនបើមិនបានទាបជាតម្លៃទំនិញនាំចូល ក៏គួរមានតម្លៃស្មើនឹងទំនិញនាំចូលដែរ នោះប្រជាជនយើងនឹងប្រើប្រាស់ផលិតផលកម្ពុជា យើងហើយ»

សូមស្តាប់ការលើកឡើងបន្ថែមរបស់អ្នកឧកញ៉ា សំ សុខនឿន៖