(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃសៅរ៍ថា នឹងដកហូតពន្ធលើទំនិញដែលនាំចូលមកពីប្រទេស ដែលងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដែលជាគោលនយោបាយពន្ធគយថ្មីមួយទៀត សម្រាប់បេក្ខភាពប្រធានាធិបតីអាមេរិករូបនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ថ្លែងទៅកាន់ការប្រមូលផ្តុំសម្រាប់យុទ្ធនាការបោះឆ្នោត នៅរដ្ឋវីនកូស៊ីន លោក ត្រាំ បាននិយាយថា៖ «អ្នក (ប្រទេស) ចាកចេញពីប្រាក់ដុល្លារ ហើយអ្នកមិនធ្វើជំនួញជាមួយសហរដ្ឋអាមេរិក ពីព្រោះយើងនឹងដកហូតពន្ធ ១០០% លើទំនិញរបស់អ្នក»។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែរវាងលោក ត្រាំ និងទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់គាត់អំពីវិធីដាក់ទណ្ឌកម្មលើប្រទេសជាសម្ព័ន្ធមិត្ត ឬសត្រូវដែលស្វែងរកមធ្យោបាយសកម្ម ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីជារូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារ។
ប្រភពដែលបានដឹងពីកិច្ចការនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg News កន្លងមកថា ជម្រើសនានាក្នុងការដាក់ទណ្ឌកម្មរួមមានការគ្រប់គ្រងការនាំចេញ ការគិតថ្លៃលើការគ្រប់គ្រងរូបិយប័ណ្ណ និងការដកហូតពន្ធគយជាដើម។
លោក ត្រាំ ដែលជាអ្នកឱបក្រសោបគោលនយោបាយពាណិជ្ជកម្មគាំពារនិយម ជាយូរមកហើយនោះបាននិយាយថា ប្រាក់ដុល្លារបាននិងកំពុង «ស្ថិតនៅក្រោមការឡោមព័ទ្ធដ៏ធំ» អស់រយៈពេលប្រាំបីឆ្នាំមកហើយ។ ប្រទេសចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអាហ្រ្វិកខាងត្បូងបានពិភាក្សាអំពីការងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារនៅឯកិច្ចប្រជុំកំពូលមួយកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ លោក ត្រាំ បាននិយាយថា គាត់ចង់ឱ្យប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកដដែល ពោលគឺជាការសន្យាដែលគាត់បានបន្តធ្វើឡើង នៅឯការប្រមូលផ្តុំសម្រាប់យុទ្ធនាការនោះឆ្នោតរបស់គាត់កាលពីថ្ងៃសៅរ៍។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា ទោះបីជាឥទ្ធិពលប្រាក់ដុល្លារបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏រូបិយប័ណ្ណអាមេរិកនេះនៅតែមានចំនួន ៥៩% នៃទុនបម្រុងរូបិយប័ណ្ណបរទេសផ្លូវការនៅក្នុងត្រីមាសទីមួយឆ្នាំ២០២៤ ស្របពេលដែលប្រាក់អឺរ៉ូជាប់ចំណាត់ថ្នាក់ទីពីរគឺមានប្រហែល ២០%។ នេះបើយោងតាម Bloomberg៕