(បាងកក)៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ប្រទេសថៃរំពឹងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសបន្ថែមចំនួន ១២,២លាននាក់ក្នុងរយៈពេល ៤ខែចុងក្រោយនៃឆ្នាំ២០២៤ ដែលនឹងធ្វើឱ្យភ្ញៀវទេសចរប្រចាំឆ្នាំកើនឡើងដល់ជិត ៣៦លាននាក់ និងបង្កើតប្រាក់ចំណូលបាន ១,៨ពាន់ពាន់លានបាត (ប្រហែល ៥២,៨៤ពាន់លានដុល្លារ) ក្នុងឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
អ្នកស្រី Thapanee Kiatphaibool ប្រធានអាជ្ញាធរ TAT បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា គម្រោងលើកលែងទិដ្ឋាការ ពិធីបុណ្យជាច្រើន និងការស្ទុះងើបឡើងវិញនៃជើងហោះហើរអន្តរជាតិ ដែលកើនឡើងដល់ ៨២% នៃកម្រិតឆ្នាំ២០១៩ គួរតែជួយឱ្យទីផ្សារទេសចរណ៍កើនឡើង។
អ្នកស្រីបានបន្ថែមថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ការមកដល់របស់ជនបរទេសបានកើនឡើងដល់ ២៣លាននាក់សម្រាប់ឆ្នាំ២០២៤ ហើយការកក់នៅតែបន្តទទួលបានពីតំបន់អាស៊ីបូព៌ា ជាពិសេសប្រទេសចិន បន្ទាប់មកអឺរ៉ុប និងអាស៊ីខាងត្បូងសម្រាប់ចុងឆ្នាំនេះ។
ទោះជាយ៉ាងណាអ្នកស្រី Thapanee មានប្រសាសន៍ថា កត្តាហានិភ័យដែលត្រូវមើលរួមមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសនៅអាស៊ី ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងជម្លោះភូមិសាស្ត្រនយោបាយ។
សម្រាប់ទីផ្សារក្នុងស្រុក អាជ្ញាធរ TAT បានព្យាករថា ការធ្វើដំណើរក្នុងស្រុកនឹងមានចំនួន ៧២,៥លានជើងដែលបង្កើតបានប្រាក់ចំណូលបានចំនួន ៣៣៥ពាន់លានបាត (៩,៨៣ពាន់លានដុល្លារ) ក្នុងរយៈពេល ៤ខែចុងក្រោយនេះ៕