(ភ្នំពេញ)៖ ទីផ្សារមូលបត្រកម្ពុជា បានសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ីវេទិកាក្រុមហ៊ុនចុះបញ្ជី ដើម្បីផ្តល់ចំណេះដឹង និងព័ត៌មានល្អៗបន្ថែមដល់វិនិយោគិន ដើម្បីឱ្យវិនិយោគិនកាន់តែមានទំនុកចិត្តលើទីផ្សារហ៊ុន និងអាចធ្វើការសម្រេចបានដោយត្រឹមត្រូវក្នុងការវិនិយោគទៅលើភាគហ៊ុនណាមួយ ជាពិសេសវិនិយោគិនថ្មីៗ។
វេទិកានេះបានប្រារព្ធឡើងនៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ក្រោមប្រធានបទស្តីពី វឌ្ឍនភាពរបស់ ធនាគារ អេស៊ីលីដា ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីសាធារណជន និងវិនិយោគិនជាតិ និងអន្តរជាតិ។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកទីផ្សារមូលបត្រកម្ពុជា (CSX) មានប្រសាសន៍ថា វេទិកាក្រុមហ៊ុនចុះបញ្ជី ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹង និងផ្សព្វផ្សាយដល់វិនិយោគិនដែលមានសក្តានុពល មុននឹងសម្រេចចិត្តវិនិយោគលើផ្សារហ៊ុន និងជំរុញឱ្យវិនិយោគិនធ្វើការសម្រេចចិត្តកាន់តែល្អប្រសើរមុន ក្នុងការវិនិយោគទៅលើភាគហ៊ុនណាមួយ ជាពិសេសការវិនិយោគរយៈពេលវែង។
លោកបន្ថែមថា តាមរយៈវេទិកានេះ វិនិយោគិននឹងមានឱកាសជួបដោយផ្ទាល់ជាមួយម្ចាស់ក្រុមហ៊ុនចុះបញ្ជី ដើម្បីស្វែងយល់អំពីស្ថានភាពក្រុមហ៊ុន សក្តានុពលអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុ ក៏ដូចជាផែនការអភិវឌ្ឍន៍ក្រុមហ៊ុន ដើម្បីជាមូលដ្ឋានក្នុងការសម្រេចវិនិយោគ។
លោកមានប្រសាសន៍ថា«ហើយយើងនឹងបន្តធ្វើកម្មវិធីបែបនេះ ជាបន្តបន្ទាប់ ដើម្បីជាប្រយោជន៍ដល់វិនិយោគិន។ ទីផ្សារមូលបត្រមួយដំណើរការបានល្អតម្រូវឱ្យមានក្រុមហ៊ុនចុះបញ្ជីល្អៗ និងវិនិយោគិនប្រកបដោយចំណេះដឹង។ហើយថ្ងៃនេះយើងបានផ្តល់ចំណេះដឹង និងព័ត៌មានល្អៗបន្ថែមដល់វិនិយោគិន ដើម្បីឱ្យវិនិយោគិនកាន់តែមានទំនុកចិត្តលើទីផ្សារហ៊ុន»។
លោករំពឹងថា នៅចុងឆ្នាំនេះ និងនៅឆ្នាំក្រោយ ទីផ្សារភាគហ៊ុនកម្ពុជា នឹងកាន់តែទទួលបានការចាប់អារម្មណ៍វិនិយោគពីវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីសម្រេចគោលដៅតាមការរំពឹងទុក ខណៈបច្ចុប្បន្ន ទំហំជួញដូរប្រចាំថ្ងៃក្នុងរង្វង់ជាមធ្យមត្រឹម១៥ម៉ឺនដុល្លារប៉ុណ្ណោះ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ធនាគារ អេស៊ីលីដា នៅតែប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុត ក្នុងការប្រតិបត្តិអភិបាលកិច្ចសាជីវកម្ម និងការរក្សាតម្លាភាព ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបានព័ត៌មានធនាគារ និងអត្ថប្រយោជន៍ផ្សេងៗ ដូចៗគ្នាប្រកបដោយប្រសិទ្ធភាព ដូចជា ការជូនដំណឹងអំពី ផែនការយុទ្ធសាស្ត្រ របាយការណ៍ហិរញ្ញវត្ថុ ភាគលាភ និងគំនិតផ្តួចផ្តើមសំខាន់ៗ របស់ធនាគារ។
លោកបន្ថែមថា ការប្រកាន់ខ្ជាប់របស់ធនាគារ ក្នុងការអនុវត្តដ៏ល្អបំផុតចំពោះអភិបាលកិច្ចសាជីវកម្ម បានដើរតួយ៉ាងសំខាន់បំផុត ក្នុងការទាក់ទាញ និងការកសាងទំនុកចិត្តជូន វិនិយោគិន និងភាគហ៊ុនិក ឱ្យចូលរួមចំណែកក្នុងទីផ្សារភាគហ៊ុន និងមានប្រតិបត្តិការជួញដូរយ៉ាងសកម្មជាបន្តបន្ទាប់។
សូមជម្រាបថា ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី និងប្រមូលទុនពីសាធារណជន តាមរយៈផ្សារមូលបត្រកម្ពុជា មានចំនួន២៣ ដែលក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង១២ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម៕