(ភ្នំពេញ)៖ អ្នកនាំពាក្យសមាគមធនាគារកម្ពុជា (ABC) បានលើកឡើងថា ការរៀបចំឥណទានឡើងវិញនឹងជួយដល់អ្នកកំពុងជាប់កម្ចីជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចទទួលបានលក្ខខណ្ឌអនុគ្រោះមួយចំនួន ដែលនឹងជួយសម្រាលបន្ទុកដល់អតិថិជន ដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ ឬលំហូរសាច់ប្រាក់បណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចទាំងមូល។

ការលើកឡើងរបស់លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារកម្ពុជា ធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានចេញសារាចរណែនាំ ស្តីពី ការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់។ យន្តការនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក សុខ ចាន់ បានបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា គាំទ្រទៅលើសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅនេះ។ បន្ថែមលើសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី២៣ សីហា ក៏បានចេញសេចក្តីជូនដំណឹងស្តីពីស្មារតីរួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការសម្រួលដល់អតិថិជនជួបប្រទះ ស្ថានភាពលំបាកក្នុងការបង់សងឥណទានផងដែរ។

លោកបានគូសបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញជូនអតិថិជន នឹងជួយសម្រាលបន្ទុកដល់អតិថិជន ដែលគាត់មានការលំបាកផ្នែកហិរញ្ញវត្ថុ ឬលំហូរសាច់ប្រាក់បណ្តោះអាសន្ន ឬមានការលំបាកក្នុងការបង់សងត្រឡប់មកកាន់គ្រឹះស្ថានបណ្តោះអាសន្ន ឬលំហូរសាច់ប្រាក់ក្នុងអាជីវកម្មមានភាពរអាក់រអួលក្នុងអំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងមូល។

លោកបន្តថា ការរៀបចំឥណទានឡើងវិញ នឹងជួយដល់អ្នកកំពុងជាប់កម្ចីជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចទទួលបានលក្ខខណ្ឌអនុគ្រោះមួយ ឬច្រើនដូចជា កាត់បន្ថយចំនួនប្រាក់ដើម ដែលបង់សងត្រឡប់ប្រចាំខែ ឬចំនួនដែលត្រូវទូទាត់សងនៅឥណប្រតិទាន ទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ លើសពីនេះ អតិថិជន អាចទទួលបានការបន្ធូរបន្ថយអត្រាការប្រាក់នៅក្នុងការរៀបចំឥណទានឡើងវិញ ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម។

ទន្ទឹមគ្នានេះ អតិថិជនអាចស្នើសុំពន្យាពេលទូទាត់សងតែការប្រាក់ ឬប្រាក់ដើម ឬ អតិថិជនអាចស្នើពន្យាឆ្នាំ (ឥណប្រតិទាន) នៃឥណទានយូរជាងមុន។ បន្ថែមលើនេះ អតិថិជនអាចស្នើបង់សងតែការប្រាក់ និងសងដើមទាំងអស់នៅចុងគ្រា ឬក៏បន្ថែម និង/ឬផ្លាស់ប្តូរអ្នករួមខ្ចី។

លោកបានគូសបញ្ជាក់ថា ការស្នើរៀបចំឥណទានឡើងវិញនេះ គឺសម្រាប់អតិថិជនទាំងអស់ ដែលជួបប្រទះការលំបាកលំហូរសាច់ប្រាក់ក្នុងរយៈពេលបណ្តោះអាសន្ន ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចទូទាត់សងនាថ្ងៃខាងមុខ។ ដោយឡែក ចំពោះអតិថិជនដែលមានលទ្ធភាព សូមបន្តបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌនៃកិច្ចសន្យារបស់ខ្លួន៕