(ភ្នំពេញ)៖ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់​អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង ៨០% ដោយចំណាយទឹកប្រាក់សរុប​អស់ចំនួនប្រមាណ ១២០០ លានដុល្លារ​ ​ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៤នេះ។ ​បើតាមការបញ្ជាក់របស់លោក ​ស៊ីន ចាន់សេរីវុត្ថា ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​ ដែលបា​នប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោកបន្ថែមថា បន្ទាប់ពីបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤​​ បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ​នឹងដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ​នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F​ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ​គិតមកដល់ពេលនេះ បុគ្គលិកដែលកំពុងបំរើការ មានចំនួនសរុបប្រមាណ ១៥៤០០ នាក់ (ខ្មែរ ៩០%)។

ទន្ទឹមគ្នានេះ លោក​ ស៊ីន ចាន់សេរីវុត្ថា បានឱ្យដឹងផងដែរថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤ អាកាសយានដ្ឋានទាំង៣ គឺភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង៣ម៉ឺនជើង ​កើនឡើងប្រមាណ ១៣%​ ​បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣ និងទទួលបានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៣លាននាក់ ​កើនឡើងប្រមាណ ២០%។ ចំណែកការដឹកជញ្ជូនទំនិញ ចេញ-ចូល (ទ្វេទិស) តាមផ្លូវអាកាសវិញ មានចំនួនជាង ៤២លានគីឡូក្រាម ​កើនឡើងប្រមាណ ៤៤%៕