(ភ្នំពេញ)៖ លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា យន្តការនៃការរៀបចំឥណទានឡើងវិញ គឺជាយន្តការមួយ ដែលជួយដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់ល្អប្រសើរ ពោលគឺយន្តការនេះ បានជួយសម្រាលបន្ទុកដល់ទាំងអ្នកជាប់កម្ចី និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រសិនបើការរៀបចំឥណទានបានល្អ។
លោក កាំង តុងងី លើកឡើងបែបនេះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានចេញសារាចរណែនាំ ស្តីពី ការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់។ យន្តការនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ។
យោងតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនអតិថិជន ដោយត្រូវអនុវត្តលក្ខខណ្ឌ ដូចជាគ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញ ជូនអតិថិជនបានចំនួន២ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។
ជាមួយគ្នានេះ គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច៣ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម ឬការប្រាក់ប្រចាំខែ។
លោក កាំង តុងងី បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា យន្តការនៃការរៀបចំឥណទានឡើងនាពេលនេះ ធ្វើឡើងក្នុងគោលដៅរួមចំណែកដោះស្រាយបញ្ហាប្រឈម និងជួយសម្រួលដល់ ប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងស្ថានភាពបច្ចុប្បន្ននេះ ស្របពេលដែលការបង់សងត្រឡប់របស់អតិថិជន ដែលសងយឺតលើសពី ៣០ថ្ងៃមានការកើនឡើង គួរឱ្យកត់សម្គាល់។
លោកលើកឡើងថា «បើទោះបីជាមានការរំពឹងថា កំណើនសេដ្ឋកិច្ចមានការកើនឡើងក៏ដោយ ប៉ុន្តែចំណូលរបស់ប្រជាពលរដ្ឋ និងអាជីវកម្មមួយចំនួនធំ មានការធ្លាក់ចុះ ដែលធ្វើឱ្យពួកគាត់ប្រឈមមុខនឹងកង្វះសាច់ប្រាក់ ក្នុងការបង្វិលចូលទៅក្នុងអាជីវកម្ម។ សម្រាប់អាជីវកម្មនៅពេលដែលចំណូលរបស់គាត់ធ្លាក់ចុះ វាជាពេលដែលគាត់ត្រូវការសាច់ប្រាក់ជាងពេលណាទាំងអស់ ហើយការរៀបចំឥណទានឡើងវិញនេះ នឹងអនុញ្ញាតឱ្យគាត់បន្តបំពេញកាតព្វកិច្ចបានជាធម្មតា ហើយគាត់អាចនៅមានប្រាក់សល់ច្រើនជាងមុន ក្នុងការចាក់ចូលទៅក្នុងអាជីវកម្មរបស់គាត់ ក៏ដូចជាបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់»។
លោកបានឱ្យដឹងផងដែរថា មិនមែនតែអ្នកជាប់កម្ចីទេ ដែលទទួលបានអត្ថប្រយោជន៍ពីយន្តការរៀបចំឥណទានឡើងវិញនេះ គ្រឹះស្ថានហិរញ្ញវត្ថុក៏ទទួលបាននូវលក្ខខណ្ឌអនុគ្រោះមួយចំនួនផងដែរ។
លោកបានពន្យល់ថា ផ្អែកលើយន្តការនៃការរឱ្យរៀបចំឥណទានឡើងវិញនេះ ធនាគារជាតិបានផ្តល់នូវលក្ខខណ្ឌអនុគ្រោះ ដល់បណ្តាធនាគារ ដោយកំណត់ឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ យកប្រាក់ទៅតំកល់ប្រចាំនៅធនាគារជាតិ ក្នុងអត្រាតិចជាងមុន ដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ មានលុយនៅសល់សម្រាប់ជួយដល់អតិថិជន ដែលរងកំពុងរងផលប៉ះពាល់ តាមរយៈការរៀបចំឥណទានឡើងវិញ។ ពោលគឺតាមរយៈយន្តការនេះ អាចជួយឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ មានសាច់ប្រាក់ច្រើនជាងមុន សម្រាប់ជួយដល់អតិថិជនរបស់ខ្លួន និងបន្តបញ្ចេញឥណទាន ដល់សហគ្រាសធុនតូច និងមធ្យម ។
លើសពីនេះទៅទៀត គ្រឹះស្ថានហិរញ្ញវត្ថុក៏មិនចាំបាច់ធ្វើសំវិធានធនបន្ថែម ខណៈការតំកល់ប្រាក់នៃប្រាក់បញ្ញើរបស់អតិថិជន ធនាគារជាតិតម្រូវឱ្យតំកល់តែ ៧%នៃប្រាក់បញ្ញើរបស់អតិថិជនប៉ុណ្ណោះ។
លោកបានលើកឡើងបន្ថែមថា សម្រាប់អតិថិជន ដែលចង់ស្នើសុំរៀបចំឥណទានឡើងវិញ អាចស្នើសុំទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ខណៈការរៀបចំឥណទានឡើងវិញនាពេលនេះ នឹងមិនកំណត់វិស័យ ឬតំបន់ខេត្តណាឡើយ គឺធ្វើឡើងទូទាំងប្រទេស សម្រាប់អ្នកដែលជួបបញ្ហាហិរញ្ញវត្ថុ ក្នុងកម្រិតបណ្តោះអាសន្ន។
លោកបានឱ្យដឹងថា នៅក្នុងការរៀបចំឥណទានឡើងវិញនេះ គឺមានជម្រើសច្រើន និងផ្តល់លក្ខខណ្ឌបត់បែនច្រើនដល់អតិថិជន ដើម្បីស្របតាមតម្រូវការលក្ខខណ្ឌរបស់អតិថិជននីមួយៗ ដែលរួមទាំងការផ្អាកបង់ការប្រាក់ បង់ប្រាក់ដើម និងការហាមផាកពិន័យជាដើម។
សូមជម្រាបថា ការស្នើសុំរៀបចំឥណទានឡើងវិញ ក្នុងលក្ខខណ្ឌពិសេសនេះ រាជរដ្ឋាភិបាលធ្លាប់បានស្នើឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដាក់ចេញម្តងរួចមកហើយ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ កំឡុងឆ្នាំ២០២០ -២០២២ និងបានដាក់ចេញម្តងទៀត កាលពីឆ្នាំ២០២៣ ប៉ុន្តែផ្តោតតែទៅលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ៕