(ភ្នំពេញ)៖ លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានស្នើឱ្យរដ្ឋាភិបាលបន្ធូរបន្ថយ ឬលើកលែងពន្ធ ចំពោះការនាំចូលម៉ាស៊ីនសម្ងួត និងកែច្នៃអំបិល ដើម្បីឱ្យកសិករមានលទ្ធភាពទិញម៉ាស៊ីននេះ មកផលិត និងកែច្នៃអំបិលតាមស្តង់ដារអនាម័យ និងទទួលបានបរិមាណច្រើន សម្រាប់បំពេញតម្រូវការក្នុងស្រុក និងនាំចេញ។
លោក ប៊ុន ណារិន បានឱ្យដឹងថា ម៉ាស៊ីនដែលចង់ឱ្យរដ្ឋាភិបាលគិតក្នុងអត្រាពន្ធសូន្យនេះ គឺជាប្រភេទម៉ាស៊ីន សម្រាប់កែច្នៃអំបិលឱ្យកាន់តែមានគុណភាពល្អ មានស្តង់ដារអនាម័យ សម្រាប់នាំចេញ។
លោកបានលើកឡើងថា អំបិលកម្ពុជា ហាក់ទទួលបានការគាំទ្រ និងទទួលស្គាល់ច្រើនពីទីផ្សារអន្តរជាតិ ជាពិសេសអឺរ៉ុប ដោយសារតែអំបិលកម្ពុជា ជាប្រភេទអំបិលសមុទ្រ មានគុណភាព និងមានសារធាតុល្អដល់សុខភាព ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈម គឺសមត្ថភាពនៃការផលិតរបស់កម្ពុជានៅទាប ពោលគឺកសិករនៅផលិតតាមប្រពៃណី ពឹងផ្អែកទៅលើមេឃ។ ដើម្បីពង្រីកសមត្ថភាពផលិតអំបិល គឺទាមទារឱ្យមានការនាំចូលនូវម៉ាស៊ីនសម្ងួត និងកែច្នៃអំបិល ដូច្នេះហើយប្រសិនបើសិប្បកម្មផលិតអំបិល និងកសិករមានលទ្ធភាពទិញម៉ាស៊ីនសម្ងួត និងកែច្នៃអំបិលនេះ នឹងជំរុញឱ្យការផលិតកើនឡើង ហើយស្របតាមស្តង់ដារ ទីផ្សារអន្តរជាតិចង់បាន។
លោកបន្តថា «យើងត្រូវការម៉ាស៊ីន ដើម្បីធ្វើឱ្យមានស្តង់ដារ យើងប្រើប្រាស់កម្លាំងពលកម្មមនុស្សដូចបច្ចុប្បន្ននេះ ធ្វើបានតិច នាំឱ្យតម្លៃដើមយើងខ្ពស់ បើយើងបានម៉ាស៊ីនមក នឹងធ្វើឱ្យបរិមាណយើងច្រើន ថ្លៃដើមយើងទាប។ យើងប្រកួតប្រជែងជាមួយគេ អាចបានមួយចំនួនធំ និងអាចលក់ចេញបានច្រើន»។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ សិប្បកម្មផលិត និងកែច្នៃអំបិល ដែលមានលទ្ធភាពទិញម៉ាស៊ីនសម្ងួត និងកែច្នៃអំបិលនេះ គឺមានតិចបំផុត ដោយសារតែម៉ាស៊ីននេះមានតម្លៃថ្លៃ។
លោកថា ម៉ាស៊ីននេះ មានសមត្ថភាពអាចសម្ងួតអំបិល ក្នុងមួយម៉ោងបានចន្លោះ ពី១០ ទៅ២០តោន ស្របពេលដែលការសម្ងួតឱ្យស្ងួតល្អ តាមកម្តៅព្រះអាទិត្យត្រូវប្រើរយៈពេល ៣ថ្ងៃ។
មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា បានថ្លែងថា នៅក្នុងតារាងពន្ធគយកម្ពុជា មានការសិក្សាទៅលើគោលនយោបាយពន្ធ ក្នុងការកំណត់នូវអត្រាពន្ធនាំចូល និងអាករពិសេស។ ចំពោះការនាំចូលម៉ាស៊ីន ប្រសិនបើប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម នឹងទទួលបានការអនុគ្រោះពន្ធទាប។
លោកបានពន្យល់ថា «ចំពោះគ្រឿងម៉ាស៊ីន ពេលខ្លះយើងមិនអាចបែងចែកថាម៉ាស៊ីននេះ ប្រើលើវិស័យអ្វីទេ អីចឹងបើសិនជាបែងចែងបានយើងនឹងផ្តល់អត្រាពន្ធទៅតាមនោះ។ ម៉ាស៊ីនដែលប្រើជាក់លាក់ទៅលើវិស័យឧស្សាហកម្ម កសិកម្ម គឺប្រាកដណាស់អត្រាពន្ធនាំចូលទាប តែទំនិញខ្លះអាចប្រើប្រាស់បានច្រើនមុខ មិនសម្រាប់តែឧស្សាហកម្ម កសិកម្ម ឬមិនសម្រាប់តែវិស័យអីផ្សេងទេ វាត្រូវអត្រាមួយផ្សេង។ ហើយមួយទៀត នៅក្នុងកិច្ចសម្រួលពាណិជ្ជកម្ម បើសិនជាគ្រឿងម៉ាស៉ីននោះនាំចូលមកពីប្រទេស ដែលជាដៃគូពាណិជ្ជកម្ម មានកិច្ចព្រមព្រៀងជាមួយគ្នា អត្រាពន្ធភាគច្រើន គឺសូន្យហើយ»។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាន៍ថា ដើម្បីទទួលបានការអនុគ្រោះពិសេស លើការនាំចូលម៉ាស៊ីនកែច្នៃអំបិល សូមសមាគមកំណត់នូវប្រភេទម៉ាស៊ីនឱ្យបានច្បាស់ ដើម្បីងាយស្រួលដល់ក្រសួងឧស្សាហកម្ម ស្នើសុំទៅក្រសួងសេដ្ឋកិច្ច ពិចារណាលើការបន្ធូរបន្ថយ ឬលើកលែងពន្ធ។
សូមជម្រាបផងដែរថា ប្រមាណ២ឆ្នាំមកនេះ កម្ពុជាបាននាំចេញអំបិលទៅទីផ្សារអន្តរជាតិចំនួន ៤កុងតឺន័រ ដែលមានបរិមាណ ៨០តោន។ អំបិលកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា ជប៉ុន អឺរ៉ុប អង់គ្លេស ស្វីស ហើយអំបិលដែលបាននាំចេញ គឺជាប្រភេទផ្កាអំបិល អំបិលក្រួស អំបិលស្លឹក និងអំបិលម៉ត់។ ក្រៅពីទីផ្សារប្រទេសខាងលើ អំបិលកម្ពុជា ក៏កំពុងទទួលបានការចាប់អារម្មណ៍ពីទីផ្សារប្រទេសចិន និងអូស្រា្តលីផងដែរ៕