(ភ្នំពេញ)៖ លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានឲ្យដឹងថា ជាការពិតកម្ពុជាក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត ការប្រើប្រាស់សេវាធនាគារតាមបែបឌីជីថល កំពុងតែរីកលូតលាស់ឥតឈប់ឈរ ការរីកចម្រើនឥតឈប់ឈរនេះ បានផ្ដល់នូវផលប្រយោជន៍ និងផលចំណេញជាច្រើន ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ ប៉ុន្ដែជាមួយការវិវឌ្ឍន៍ឥតឈប់ឈរនេះ ក្នុងនាមជាអ្នកប្រើប្រាស់ប្រជាពលរដ្ឋគ្រប់រូប គួរតែប្រើប្រាស់ដោយប្រុងប្រយ័ត្ន។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងការជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «តួនាទីរបស់សមាគមធនាគារនៅកម្ពុជា ក្នុងការជួយលើកកម្ពស់ ការយល់ដឹងអំពីសន្តិសុខសាយប័រ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ហេង កូយ បានថ្លែងឲ្យដឹងថា «ជាទូទៅយើងសង្កេតឃើញថា ការផ្លាស់ប្ដូរពីការទទួលសេវាតាមបែបប្រពៃណី មកទទួលសេវាតាមបែបឌីជីថល គឺបានផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ជាច្រើន ដូចជា ចំណេញពេលវេលា, សុវត្ថិភាព និងអាចប្រើប្រាស់បានគ្រប់ទីកន្លែងគ្រប់ពេលវេលា ដោយគ្រាន់តែមានទូរស័ព្ទ មានអ៉ីនធើណេតប៉ុណ្ណោះ»

លោកបានបញ្ជាក់ថា ជាការពិតការប្រើប្រាស់តាមឌីជីថល ពិតជាមានភាពងាយស្រួល ប៉ុន្ដែទន្ទឹមនឹងការងារស្រួលនេះ ប្រជាពលរដ្ឋគួរគប្បីមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ដូចជា ការប្រតិបត្តិការតាមឌីជីថល ត្រូវមានការផ្ទៀងផ្ទាត់ឲ្យបានលម្អិត ព្រោះសេវាកម្មលឿនរហ័ស ដូច្នេះបើក្នុងករណីភ្លាត់ណាមួយគឺផ្ដល់ផលលំបាកដូចគ្នា៕

សូមទស្សនាការលើកឡើងរបស់ លោក ហេង កូយ ដូចខាងក្រោម៖