​(ភ្នំពេញ)៖ លោក ហេង កូយ ប្រធានចាត់ការទូទៅនៃសមាគមធនាគារកម្ពុជា បានលើកឡើងថា ការផ្សព្វផ្សាយ និងអប់រំពលរដ្ឋ​ឱ្យយល់ដឹងអំពីសន្តិសុខសាយប័រ ឬសន្តិសុខអ៊ីនធើណេត គឺទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងៗ ជាពិសេសបណ្តាញផ្សព្វផ្សាយព័ត៌មាន ខណៈបច្ចុប្បន្ននេះប្រជាជនកម្ពុជា ភាគច្រើនបាន និងកំពុងប្រើប្រាស់បណ្តាញសង្គមនានា ដើម្បីទំនាក់ទំនង ​ប៉ុន្តែ​ចំណេះដឹងទៅលើសន្តិសុខអ៊ីនធើណេត នៅមានកម្រិតនៅឡើយ។

លោក ហេង កូយ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី ​FRESH BUSINESS​​ ជជែក​លើប្រធានបទ៖ «តួនាទីរបស់សមាគមធនាគារនៅកម្ពុជា ក្នុងការជួយលើកកម្ពស់ ការយល់ដឹងអំពីសន្តិសុខសាយប័រ»។

លោកមានប្រសាសន៍ថា ​ក្នុងការធ្វើការងារផ្សព្វផ្សាយអប់រំ​​រំផ្នែកឌីជីថល មិនមែនជារឿងងាយស្រួលនោះទេ ហេតុនេះហើយសមាគមធនាគារនៅកម្ពុជា បានជំរុញការផ្លាស់ប្តូរពីការអប់រំបែបធម្មតាៗ នៅតាមសហគមន៍ ​មកផ្តោតលើការអប់រំជាចំបងតាមរយៈអនឡាញ ឬបណ្តាញផ្សព្វផ្សាយផ្សេងៗ។ ជាក់ស្តែងបណ្តាញព័ត៌មាន Fresh News ដែលមានការផ្សព្វផ្សាយព័ត៌មាននៅបណ្តាញទំនាក់ទំនងសង្គមច្រើនប្រភេទ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការផ្សព្វផ្សាយពលរដ្ឋ​ឱ្យយល់ដឹងអំពីសន្តិសុខសាយប័រនេះ។ ​ការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមទាំងនោះ បានធ្វើឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹងច្រើន។

លោបន្ថែមថា សមាគមធនាគារនៅកម្ពុជា នឹងបន្តបង្កើនការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹង និងធ្វើឱ្យប្រជាពលរដ្ឋមានអារម្មណ៍សុវត្ថិភាព ក្នុងការទទួលសេវាហិរញ្ញវត្ថុ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ហេង កូយ៖