(ភ្នំពេញ)៖ លោក ហេង កូយ ប្រធានចាត់ការទូទៅ​នៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ដើម្បីជួយប្រជាពលរដ្ឋ ទទួលបានសេវាធនាគារតាមឌីជីថល ដោយសុវត្ថិភាព ទាមទារការជួយពីតួអង្គសំខាន់ៗ ដែលរួមមាន៖ ធនាគារជាតិនៃកម្ពុជា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងពាក់ព័ន្ធ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «តួនាទីរបស់សមាគមធនាគារនៅកម្ពុជា ក្នុងការជួយលើកកម្ពស់ ការយល់ដឹងអំពីសន្តិសុខសាយប័រ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ហេង កូយ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះតួនាទី ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលបានសេវាធនាគារតាមរយៈជីឌីថល ដោយសុវត្ថិភាព វាទាមទារឲ្យមានតួអង្គជាច្រើន ក្នុងការចូលរួម ដើម្បីធ្វើការងារនេះ ហើយតួអង្គជាច្រើន រួមមាន៖ រាជរដ្ឋាភិបាល ដែលមានធនាគារជាតិនៃកម្ពុជា និងក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»

ទន្ទឹមគ្នានេះ លោក ហេង កូយ ក៏បានលើកឡើងផងដែរថា ការទំនាក់ទំនង ពាក់ព័ន្ធជាមួយនឹងផ្នែករីកចម្រើននៃបច្ចេកវិទ្យា វាមានភាពពាក់ព័ន្ធខ្លាំង ជាមួយនឹងវិស័យធនាគារ តម្រូវឲ្យសេវាធនាគារ ត្រូវមានការឆ្លើយតប ទៅនឹងចំណាប់អារម្មណ៍អតិថិជន ក៏ដូចជាសាធារណៈជន ត្រូវធ្វើយ៉ាងណា ឲ្យមានភាពស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យា។

លោក ហេង កូយ បានឲ្យដឹងថា ចំពោះវិស័យធនាគារ ជាពិសេសតួនាទីរបស់សមាគមធនាគារ ត្រូវធ្វើយ៉ាងណា គឺជួយឲ្យប្រជាពលរដ្ឋ បានទទួលសេវា ដែលមានការផ្លាស់ប្ដូរ ពីការទៅទទួលសេវាផ្ទាល់ មកទទួលសេវាតាមរយៈឌីជីថល ឲ្យមានភាពសុវត្ថិភាព ហើយនឹងមានភាពជឿជាក់ ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានការភាពងាយស្រួល៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ហេង កូយ៖