(ភ្នំពេញ)៖ លោក ហេង កូយ ប្រធានចាត់ការទូទៅនៃសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យធនាគារ ពិសេសសន្តិសុខសាយប័រ ដែលត្រូវបន្ដរៀនសូត្រជាប់ជាប្រចាំ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «តួនាទីរបស់សមាគមធនាគារនៅកម្ពុជា ក្នុងការជួយលើកកម្ពស់ ការយល់ដឹងអំពីសន្តិសុខសាយប័រ» ក្នុងកម្មវិធី FRESH BUSINESS។
លោក ហេង កូយ បានបញ្ជាក់យ៉ាងដូច្នេះថា «សមាគមធនាគារនៅកម្ពុជា មានការយកចិត្ដទុកដាក់ ក្នុងការកសាងសមត្ថភាពផ្នែកសន្តិសុខសាយប័រ សម្រាប់គ្រឹះស្ថាន សម្រាប់អ្នកជំនាញ នៅក្នុងវិស័យរបស់យើងផងដែរ [...] យើងមានធនធានមនុស្ស ប៉ុន្ដែការបន្ដរៀនសូត្រជាភាពចាំបាច់ ជាពិសេសនៅក្នុងវិស័យមួយនេះ»។
ទន្ទឹមគ្នានេះ លោក ហេង កូយ យល់ឃើញថា ធនធានមនុស្សជាទូទៅ មានភាពសំខាន់ក្នុងការអភិវឌ្ឍន៍ ទៅលើផែនការជាតិ និងយុទ្ធសាស្ដ្រជាតិ ហើយនៅក្នុងការអនុវត្ដអាទិភាពផែនការ នៅក្នុងវិស័យធនាគារនេះ សមាគមយល់ឃើញថា ធនធានមនុស្ស គឺមានភាពចាំបាច់។
ប្រធានចាត់ការទូទៅនៃសមាគមធនាគារនៅកម្ពុជា រូបនេះ បានលើកឡើងថា វិស័យសន្តិសុខសាយប័រ គឺជាវិស័យមួយថ្មី ហើយប្រទេសកម្ពុជា បូករួមជាមួយនឹងប្រទេសក្នុងតំបន់មើលឃើញថា សុទ្ធតែជាប្រទេសដែលមានបទពិសោធន៍ថ្មី នៅក្នុងការធ្វើការងារនេះ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ហេង កូយ៖