(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ​សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UNESCAP) បានរៀបចំសិក្ខាសាលា ស្តីពី «ការអភិវឌ្ឍគម្រោងវិនិយោគអាកាសធាតុ សម្រាប់រយៈពេលវែងនៅកម្ពុជា» នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការបង្កើនលំហូរហិរញ្ញវត្ថុដល់គម្រោងបៃតងនៅកម្ពុជា។

​សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគម្រោងវិនិយោគអាកាសធាតុរបស់ UNESCAP ក្រោមភាពជាដៃគូជាមួយ និយ័តករមូលបត្រកម្ពុជា ក្នុងគោលបំណងដើម្បីបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ UNESCAP លើការអភិវឌ្ឍគម្រោងបៃតង និងនិរន្តរភាព, ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការបង្កើនលំហូរហិរញ្ញវត្ថុដល់គម្រោងបៃតងនៅកម្ពុជា, និងការប្រមូលព័ត៌មានពីថ្នាក់ដឹកនាំផ្នែកហិរញ្ញវត្ថុនិរន្តរភាព និងឧត្តមានុវត្តន៍ដែលត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលានេះ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. ​បានគូសបញ្ជាក់ថា៖ «ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ វាទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមផ្សេងៗ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតែមួយមិនគ្រប់គ្រាន់នោះទេ យើងត្រូវការការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ដែលដើរតួនាទីសំខាន់ក្នុងការកៀរគរ មូលធន និងជំរុញនវានុវត្តន៍។ យើងក៏ត្រូវការនូវការគាំទ្រពីដៃគូអន្តរជាតិ ដែលផ្ដល់នូវជំនាញ ធនធាន និងទស្សនវិស័យដ៏មានតម្លៃ។ ការសហការគ្នា គឺជាគន្លឹះនៃភាពជោគជ័យ ហើយតាមរយៈការធ្វើការជាមួយគ្នា យើងអាចប្រើប្រាស់នូវភាពខ្លាំងរបស់យើង ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើតបរិយាកាស ដែលគម្រោងបៃតងអាចរីកចម្រើនបាន។ ដូចនេះតាមរយៈភាពជាដៃគូទាំងនេះ យើងអាចបង្កើតគម្រោងវិនិយោគអាកាសធាតុក្នុងរយៈពេលវែង ដែលមិនត្រឹមតែអាចផ្ដល់ប្រយោជន៍ហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងផ្ដល់ប្រយោជន៍ដល់សង្គម និងនិរន្តរភាពនៃបរិស្ថានផងដែរ»

លោកស្រី Deanna Morris មន្ត្រីកិច្ចការសេដ្ឋកិច្ចនៃការិយាល័យគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៃ UNESCAP បានបញ្ជាក់ថា «ការអភិវឌ្ឍគោលនយោបាយសមស្រប និងឧបករណ៍ហិរញ្ញប្បទាន គឺជាចំណុចសំខាន់ក្នុងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់យើង តែទោះបីជាយ៉ាងណាក៏ដោយ ឧបសគ្គដ៏សំខាន់ដែលជាមូលដ្ឋានគ្រឹះសម្រាប់សម្រួលដល់លំហូរហិរញ្ញវត្ថុ គឺការធានាឱ្យបាននូវការអភិវឌ្ឍគម្រោងហិរញ្ញវត្ថុដែលរឹងមាំ។ គម្រោងដែលមានរយៈពេលវែងទាំងនេះត្រូវតែអាចធានាបាននូវបរិស្ថានល្អ និងស្របតាមអាទិភាពនៃការប្តេជ្ញា (NDC) របស់រដ្ឋាភិបាល»

លោកស្រីបន្តថា គម្រោងទាំងនេះ អាចត្រួសត្រាយផ្លូវសម្រាប់ការធ្វើអន្តរកាលឆ្ពោះទៅសេដ្ឋកិច្ចដែលមានកាបូនទាប និងធន់នឹងអាកាសធាតុ ព្រមទាំងអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវផែនទីបង្ហាញផ្លូវច្បាស់លាស់នៃគម្រោងដែលស្របតាមគោលដៅអាកាសធាតុ ដោយផ្តល់ភាពច្បាស់លាស់លើអាទិភាពហិរញ្ញវត្ថុសាធារណៈ និងដល់វិនិយោគិនឯកជនអំពីឱកាសសក្តានុពល​៕