(ភ្នំពេញ)៖ តាមការណែនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំលើកទី៩ ដើម្បីពិនិត្យលើគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត, ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»

អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន២៧ ដែលមានទុនវិនិយោគសរុប ៣០៦លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រកែច្នៃអាលុយមីញ៉ូម, សិប្បកម្មកែឆ្នៃដែក, រោងចក្រផលិតបំពង់ទីបដែក, រោងចក្រផលិតចំណីសត្វ, រោងចក្រផលិតគ្រឿងសង្ហារិម, អគារពហុមុខងារ, គម្រោងអភិវឌ្ឍលំនៅដ្ឋាន, ស្ថានីយ៍សាករថយន្តអគ្គិសនី (EVs), សណ្ឋាគារ, និង ភោជនីយដ្ឋាន។

សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤, ក្រុមការងារបានសម្រេច ជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន៦១គម្រោង គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤, និងគម្រោងសរុបចំនួន១១០គម្រោង គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលលើសពីគោលដៅសូចនាករ ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តកម្មវិធីពិសេស។

ជាមួយនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ក្រៅពីការពិនិត្យផ្តល់ការលើកទឹកចិត្ត និង ការជំរុញការអនុវត្តវិធានការលើកទឹកចិត្ត ដល់គម្រោងវិនិយោគ និង ធុរកិច្ច, ក្រុមការងារ ក៏កំពុងអនុវត្តវិធានការផ្សេងទៀត ដើម្បីជំរុញសម្ទុះសកម្មភាពវិនិយោគក្នុងខេត្ត ដែលរួមមាន៖ ការអនុវត្តយុទ្ធនាការទីក្រុងសុវត្ថិភាព, ការរៀបចំវេទិកាទាក់ទាញការវិនិយោគ, ការសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូកម្រិតខ្ពស់, ការគាំទ្រដល់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម, និងការរៀបចំតំបន់អភិវឌ្ឍន៍ ក្នុងខេត្តព្រះសីហនុ។

លោកបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់ បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព។

ទន្ទឹមនេះ, ក្រុមការងារបន្តលើកទឹកចិត្តឲ្យធុរជន និង វិនិយោគិន អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២២០០, +៨៥៥ ៨៩ ៧២៦០២៨ និង +៨៥៥ ១៦ ៣២១០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣៕