(ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ពោលគឺនៅសល់ប្រមាណ ៣២ថ្ងៃទៀតប៉ុណ្ណោះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធ លើអចលនទ្រព្យទាន់ពេលវេលា នឹងទទួលរងនូវការពិន័យទណ្ឌកម្ម រដ្ឋបាលស្របតាមច្បាប់ជាធរមាន។

ដើម្បីបំពេញកាតព្វកិច្ចពន្ធ លើអចលនទ្រព្យឲ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាមមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖

* តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App
* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ
* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។

កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ២ ជំហានប៉ុណ្ណោះ តាមរយៈមុខងារបង់ពន្ធរហ័ស (QUICK PAYMENT) ដែលជាមុខងារថ្មីក្នុងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕