(ភ្នំពេញ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) នឹងសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បី​បង្កើនការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម (SME) ដែលគ្មានទ្រព្យបញ្ចាំគ្រប់គ្រាន់។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានឱ្យដឹងថា ធនាគារ SME បាននិងកំពុងរៀបចំកិច្ចសហប្រតិបត្តិការជាមួយ​សាជីវកម្មធានាឥណទានកម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហាដែល SME ពិបាកក្នុងការទទួលបានឥណទានពីធនាគារ ដោយសារគ្មានទ្រព្យធានាគ្រប់គ្រាន់​។

លោកបណ្ឌិត លឹម អូនគូសបញ្ជាក់បែបនេះ ​ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បី​ស្វែងយល់ពីបញ្ហាប្រឈម កង្វល់ ​និងដោះស្រាយ​បញ្ហា ដែល​សហគ្រាសធុនតូច និងមធ្យម​ជួបប្រទះក្នុងការធ្វើអាជីវកម្ម។

នៅក្នុងកិច្ចប្រជុំនេះ ​ក្រុម SME បានលើកឡើងពីផលពិបាក ក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ SME ដោយសារធនាគារទាមទារទ្រព្យបញ្ចាំ និងការសិក្សាពីប្រវត្តិកម្ចីរបស់អតិថិជន (CBC) តឹងរឹង។ ពួកគេបានស្នើសុំឱ្យធនាគារទទួលយកទ្រព្យបញ្ចាំទ្រព្យសកម្ម (Fix Assets) បន្ថែមសម្រាប់ធានា​លើទ្រព្យ ​ឬវិក័យបត្រលក់ដូរ ដែលមានតម្លៃអាចប្រើប្រាស់បាន។ ជាមួយគ្នានេះ ពួកគេក៏ស្នើសុំដកចេញនូវការសិក្សា អំពីប្រវត្តិកម្ចីរបស់អតិថិជន ដោយហេតុថា បច្ចុប្បន្ននេះបញ្ហាខូច CBC កើតឡើងស្ទើរតែគ្រប់អាជីវកម្ម និងស្នើឱ្យមានការសិក្សាលើមុខរបរបច្ចុប្បន្ន​ដោយក្រុមវាយតម្លៃជាក់ស្តែង​។

លោកបណ្ឌិត លឹម បានលើកឡើងថា កន្លងមកធនាគារ SME ក៏ធ្លាប់បានសិក្សាក្នុងការទទួលយកទ្រព្យបញ្ចាំទ្រព្យសកម្ម (Fix Assets)​ ឬវិក័យបត្រលក់ដូរ ដែលមានតម្លៃអាចប្រើប្រាស់បានដែរ ប៉ុន្តែហាក់មានភាពពិបាក។ ហេតុនេះហើយ ទើបធនាគារ SME បង្កើតកិច្ចសហការជាមួយ CGCC​។ នៅពេលដែលភាគីទាំងពីរចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយគ្នា នឹងផ្តល់ការគាំទ្រដល់ SME បានច្រើន។

លោកបន្ថែមតាមរយៈការជជែកពិភាក្សាគ្នានាពេលកន្លង ​បានជជែកគ្នាដល់ដំណាក់កាលចុងក្រោយហើយ ដែលកិច្ចសហការនេះនឹងលេចចេញរូបរាងនៅចុងឆ្នាំនេះ។

ជុំវិញគោលការនៃការផ្តល់ឥណទាន លោក​បណ្ឌិត លឹម អូន គូសបញ្ជាក់យ៉ាងដូច្នេះថា « ការអនុវត្តគឺមិនខុសគ្នាទេ រវាងធនាគារមួយទៅ​ធនាគារមួយ ប៉ុន្តែអ្វីដែលធនាគារ SME ផ្តោតសំខាន់ជាងគេនោះគឺប្រភេទអាជីវកម្ម មុខរបរ ព្រោះថាធនាគារ SME បានផ្តោតសំខាន់ទៅលើមុខរបរមួយចំនួនមិនមែន SME ទូទៅទាំងអស់ទេ។ សំខាន់ជាងគេ គឺ SME ស្ថិតក្នុងវិស័យកែច្នៃ និងផលិតកម្មកែច្នៃកសិ-ឧស្សាហកម្ម។
ចំណុចមួយទៀតដែលសំខាន់ គឺគោលបំណងនៃការប្រើប្រាស់ទុនថា តើគាត់ខ្ចីពីធនាគារយើងទៅគាត់ប្រើប្រាស់ក្នុងគោលដៅអី ដើម្បីជៀសវាងថាការប្រើប្រាស់ទុនហ្នឹងខុសគោលដៅ និងខុសពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ការប្រើប្រាស់ខុសគោលដៅនេះ វាមិនបានផ្តល់ប្រយោជន៍បែបជាបង្កផលប៉ះពាល់ដល់ពួកគាត់ទៅវិញ ពោលគឺបង្កើតបំណុលបន្ថែម ហើយមិនបានចូលរួមអភិវឌ្ឍន៍អាជីវកម្មរបស់គាត់»

បើតាមលោក លឹម អូន ក្នុងរយៈពេលបីឆ្នាំ ដែលរាជរដ្ឋាភិបាលបានបង្កើតធនាគារ SME បានផ្តល់កម្ចីដល់សហគ្រាសនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជាង៥០០លានដុល្លារអាមេរិក តាមរយៈយន្តការសំខាន់២ គឺការផ្តល់សហហិរញ្ញប្បទាន និងការផ្តល់ឥណទានដោយផ្ទាល់។ ហើយធនាគាររដ្ឋមួយនេះ នឹងបន្តផ្តល់ឥណទានបន្ថែមទៀតដល់ SME ដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់ក្នុងការពង្រីក និងរក្សាលំនឹងអាជីវកម្ម៕