(ភ្នំពេញ)៖ ក្រុមហ៊ុនមួយ​បានបណ្តាក់ទុនវិនិយោគ លើការ​ដាំដុះ និងផលិតផ្អកស្មៅ​ផ្អែម​ ដែលចំណីសត្វពាហនៈមានប្រូតេអ៊ីន និងសារធាតុចិញ្ចឹមខ្ពស់ ​ដើម្បីលើកកម្ពស់​វិស័យចិញ្ចឹមសត្វពាហន:​កម្ពុជា និង​សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

ការ​ដាំដុះ និងផលិតផ្អកស្មៅ​ផ្អែមសូហ្គាំ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុនក្រុមហ៊ុន ហេង អរ ភី ឌីវេរឡុបមិន ឯ.ក ​ស្ថិតនៅលើទឹកដីខេត្តបាត់ដំបង។

តំណាងក្រុមហ៊ុន ហេង អរ ភី ឌីវេរឡុបមិន ឯ.ក ដែលបានចូលរួមការតាំងពិពណ៌សត្វសត្វចិញ្ជឹមកម្ពុជា ដែលសហការណ៍ជាមួយ Agri Cambodia Expo 2024 និង Aqua Fisheries Cambodia Expo 2024 នៅក្នុងមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ នាថ្ងៃទី ២៨-៣០ ខែសីហា ឆ្នាំ ២០២៤ បានឱ្យដឹងថា ស្មៅផ្អែមសូហ្គាំ «Sweet Sorghum» ជាប្រភេទស្មៅដែលមានគុណសម្បត្តិល្អពិសេស ក្នុងការផលិតចំណីផ្អាប់សត្វពាហន:។

ស្មៅផ្អែមសូហ្គាំនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសំរាប់ផលិតចំណីសត្វពាហន: នៅបណ្តាប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ ចិនជាដើម។ ល។ ស្មៅផ្អែមសូហ្គាំមានសារជាតិស្ករប្រមាណ១០-១៤% និង មានសារជាតិចិញ្ចឹម ប្រូតេអ៊ីនខ្ព​ស់ បូករួមជាមួយការវេចខ្ចប់តាមបច្ចេកទេសទំនើប​ ជាមួយទឹកសារជាតិបង្កើនប្រូតេអ៉ីន នៃរូបមន្តផលិតចំណីផ្អាប់សត្វពាហន:តាមស្តង់ដាជប៉ុនផងដែរ។

ស្មៅផ្អែមសូហ្គាំផលិតចំណីសត្វពាហន:នេះ មានការសិក្សាស្រាវជ្រាវនិងវាយតំលៃគុណភាពយ៉ាងហ្មត់ចត់ដែលប្រើពេលវេលាជាង១២ឆ្នាំ ដោយក្រុមអ្នកជំនាញផលិតចំណីផ្អាប់សត្វពាហន:ជប៉ុននិងអន្តរជាតិ ។ ការសិក្សាស្រាវជ្រាវនេះ បានធ្វើទាំងនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ដោយរួមទាំងយកសំណាកចំណីនេះ ទៅវិភាគនៅទីពិសោធន៍គុណភាពចំណីសត្វនៅប្រទេសជប៉ុនផងដែរ។ គុណភាពចំណីផ្អាប់សត្វពាហន:ផលិតពីស្មៅផ្អែមសូហ្គាំជាមួយរូបមន្តនិងបច្ចេកទេសវេចខ្ចប់នេះ វាមានគុណភាពនិងលក្ខណ:សម្បតិ្តល្អជាង ប្រភេទស្មៅនានាដែលបាននិងកំពុងដាំដុះ និងផលិតចំណីសត្វពាហនៈទាំងក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ ក្នុងការចិញ្ចឹមសត្វពាហន: ដូចជាគោសាច់/ទឹកដោះ ពពែ សេះ ចៀមជាដើម។ល។

លទ្ធផលនៃក្រុមសិក្សាស្រាវជ្រាវ ដោយធ្វើការប្រៀបធៀបរវាងការចិញ្ជឹមសត្វពាហនៈដោយប្រើប្រាស់ស្មៅផ្អែមសូហ្គាំ និងស្មៅនានា រឺចំបើងធម្មតាឃើញថា បានផ្តល់ទិន្នផលខុសគ្នាយ៉ាងច្រើន ដោយការចិញ្ចឹមជាមួយចំណីស្មៅផ្អែមផ្អាប់ សូហ្គាំ សត្វពាហន:មានការធំធាត់ លឿន និងសុខភាពសត្វរឹងមាំ ព្រមទាំងសាច់/ទឹកដោះគុណភាពល្អ ស្របតាមគុណភាពចំណីអាហារនៅទីផ្សារ ដែលមានស្តង់ដាខ្ពស់។

ផ្អែកលើទិន្នន័យសិក្សាស្រាវជ្រាវដោយក្រុមអ្នកជំនាញបច្ចេកទេសកសិកម្មជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជឿនលឿនមួយចំនួនឃើញថា ផលិតផលចំណីផ្អាប់សត្វពាហន:ផលិតពីស្មៅផ្អែមសូហ្គាំ មានគុណភាព ខ្ពស់ ការវេចខ្ចប់តាមបច្ចេទេសទំនើបប្រកបដោយអនាម័យល្អ ទុកបានយូរ ដោយមិនព្រួយបារម្ភប៉ះពាល់ចំណីសត្វនៅរដូវប្រាំងឬរដូវវស្សា និងតំលៃសមរម្យ។

ដោយមើលឃើញពីសក្កានុពល និងទស្សនៈវិស័យវែងឆ្ងាយក្នុងវិស័យចិញ្ចឹមសត្វពាហន:នៅកម្ពុជានេះ​ ក្រុមហ៊ុន ហេង អរ ភី អភិវឌ្ឍន៍ អាហរ័ណ នីហរ័ណបាននាំយកប្រភេទស្មៅផ្អែមសូហ្គាំ ដើម្បីដាំដុះនិងផលិតចំណីផ្អាប់ សម្រាប់ចូលរួមជំរុញនិងលើកកម្ពស់ក្នុងវិស័យចិញ្ចឹមសត្វពាហន:នៅកម្ពុជានិងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅប្រទេសជប៉ុន​។