(អូតាវ៉ា)៖ រដ្ឋាភិបាលកាណាដា បានដើរតាមគន្លងរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយបានចាត់វិធានការដកហូតពន្ធគយថ្មី ១០០% លើរថយន្តអគ្គិសនីផលិតដោយចិន និងពន្ធនាំចូលអាលុយមីញ៉ូម និងដែកផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
វិធានការនេះ បានជំរុញឱ្យមានការប្តេជ្ញាចិត្តពីសំណាក់រដ្ឋាភិបាលចិនថា នឹងចាត់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ព្រមទាំងបានព្រមានថា សេចក្តីសម្រេចចិត្តរបស់ទីក្រុងអូតាវ៉ានឹងបង្អាក់ខ្សែច្រវាក់ផលិតកម្មពិភពលោក។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តីកាណាដា ចាស់ស្ទីន ត្រុយបូ (Justin Trudeau) បានកំណត់វិធានការនេះ ខណៈពេលដែលប្រទេសកាណាដា បានរួមដៃគ្នាដើម្បីការពារបុគ្គលិកកម្មករ ក្នុងស្រុកពីការគំរាមកំហែង ដែលបង្កឡើងដោយផលិតកម្មហួសកម្រិត និងការឧបត្ថម្ភធនឧស្សាហកម្មរបស់ចិន។ រហូតមកដល់ពេលនេះ ប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវែលសេឡង់មិនបានអនុវត្តវិធានការពន្ធគយ លើរថយន្តចិននៅឡើយទេ។
លោក ត្រុយបូ បាននិយាយកាលពីថ្ងៃចន្ទថា៖ «ក្រុមប្រទេសប្រជាធិបតេយ្យ ដែលយើងជាផ្នែកមួយដែរនោះ ដែលផ្តល់តម្លៃដល់ការងារ ដែលប្រជាពលរដ្ឋរបស់យើងធ្វើ និងទទួលស្គាល់តម្រូវការការពារបរិស្ថាន និងការវិនិយោគសម្រាប់រយៈពេលវែង ទាមទារឱ្យយើងចាត់វិធានការ»។ លោកបានបន្ថែមថា៖ «លុះត្រាតែយើងចង់ស្ថិតនៅបាតតារាង ក្នុងការប្រកួតប្រជែង បើមិនដូចនោះទេយើងត្រូវតែក្រោកឈរឡើង»។
ជាការឆ្លើយតប ប្រទេសចិនបានឱ្យដឹងថា ផែនការរបស់ប្រទេសកាណាដា ដែលការដកហូតពន្ធគយលើរថយន្តអគ្គិសនី នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលាតទៅ បានបំពានច្បាប់អង្គការពាណិជ្ជកម្មពិភពលោក។ ពន្ធគយ ២៥% លើអាលុយមីញ៉ូម និងដែកនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា។
កាលពីដើមខែនេះ ទីក្រុងប៉េកាំងបានដាក់ពាក្យបណ្តឹង ទៅកាន់អង្គការ WTO ជុំវិញការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ដែលបានដកហូតពន្ធប្រឆាំងការឧបត្ថម្ភធន។ ប្រទេសចិនក៏បានបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន លើការនាំចូលទឹកដោះគោរបស់សហភាពអឺរ៉ុបផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕