(ភ្នំពេញ)៖ អ្នកផលិតអំបិលនៅខេត្តកំពត និងកែប បានស្នើដល់រាជរដ្ឋាភិបាលកំណត់ចំនួនកូតា នៃការនាំចូលអំបិលពីប្រទេសជិតខាង ដើម្បីផ្តល់ឱ្យ​អ្នកផលិតអំបិលក្នុងស្រុក អាចបញ្ចេញអំបិលផ្គត់ផ្គង់នៅលើទីផ្សារ ក្នុងតម្លៃសមរម្យ។

ការស្នើនេះ ដោយពួកគេមើលឃើញថា មានការនាំចូលអំបិលតាមច្រករបៀងផ្សេងៗ ចូលមកកម្ពុជា​ ​ក្នុងបរិមាណយ៉ាងច្រើន ដែលជាហេតុនាំឱ្យឈ្មួ​ញទម្លាក់តម្លៃអំបិល ដែលផលិតបាននៅស្រុក ខណៈនៅឆ្នាំ២០២៤នេះការផលិតផលអំបិលក្នុងស្រុកបានកើនឡើងខ្ពស់ រហូតដល់ជាង ១៣ម៉ឺនតោន។

ការស្នើនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បី​ស្វែងយល់ពីបញ្ហាប្រឈម កង្វល់ ​និងដោះស្រាយ​បញ្ហា ដែល​សហគ្រាសធុនតូច និងមធ្យម​ជួបប្រទះក្នុងការធ្វើអាជីវកម្ម។

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានឱ្យដឹងថា បច្ចុប្បន្ននេះ​អំបិលដែលកំពុងផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា ប្រមាណ ៤០% ត្រូវបាននាំចូលមកពីប្រទេសថៃទាំងផ្លូវការ និងក្រៅផ្លូវការ និងមួយចំនួនទៀតនាំចូលមកពីវៀតណាម។ ការនាំចូលអំបិលយ៉ាងច្រើន ពីប្រទេសជិត​​ខាងបែបនេះ បានធ្វើឱ្យអំបិលកម្ពុជា ពិបាកក្នុងការប្រកួតប្រជែងជាមួយអំបិលនាំចូល ដែលមានតម្លៃថោកជាង។

លោកលើកឡើងថា ការដែលអំបិលក្នុងស្រុកថ្លៃជាងអំបិលនាំចូល ដោយសារថ្លៃដើមនៃការផលិតខ្ពស់ ​​ព្រោះ​តម្លៃកម្លាំងពលកម្មថ្លៃជាងមុន ស្របពេលដែលសមត្ថភាពផលិតនៅទាប។​

លោកបន្ថែមថា «ឆ្នាំនេះយើងធ្វើបានច្រើន ហើយអំបិលគេក៏នាំចូលមកច្រើនដែរ ខណៈដែលអំបិលដែលគេនាំចូលមក គឺជាប្រទេស​អំបិលរ៉ែដែលមានតម្លៃថោកណាស់ គេអាចធ្វើបាន២៤ម៉ោងលើ២៤ម៉ោង គ្រាន់តែជីកទឹកក្រោមដីមកគេអាចធ្វើបាន។ ដោយឡែកយើងជាប្រភេទអំបិលសមុទ្រធម្មជាតិ អ៊ីចឹងគឺយើងអាស្រ័យទៅលើ​មេឃ ហើយយើងធ្វើបានតែ ៤ខែទេ នេះគឺជាចំណុចមួយដែលថាយើងផលិតបានបរិមាណមិនច្រើន នាំឱ្យថ្លៃដើមយើងខ្ពស់ អ៊ឺចឹងគឺជាការប្រកួតប្រជែងលំបាកមែនទែន ក៏ប៉ុន្តែបើនិយាយពីសមត្ថភាពវិញអំបិលយើងមានគុណភាពល្អណាស់ សម្រាប់សុខុមាលភាព»។

តំណាងអគ្គនាយកដ្ឋានគយ ដែលបានចូលរួមក្នុងវេទិកាពិភាក្សានេះ បានលើកឡើងដោយយសារផលិតកម្មអំបិលនៅកម្ពុជានៅតូច ដែលក្នុងមួយឆ្នាំផលិតបានតែ ៤ខែប៉ុណ្ណោះ ហើយប្រសិនបើរដ្ឋាភិបាលរិតត្បិត ឬកំណត់បរិមាណនាំចូលទៀតនោះ នឹងធ្វើឱ្យតម្រូវការអំបិលកើនឡើង តម្លៃកើនឡើងប៉ះពាល់ដល់អ្នកប្រើប្រាស់។

បើតាមលោក ប៊ុន ណារិន ​នៅឆ្នាំនេះ ការផលិតអំបិលក្នុងស្រុកសរុបទទួលបានទិន្នផលប្រមាណជាង ១៣ម៉ឺនតោន ក្នុងនោះខេត្តកែបផលិតបាន ៣ម៉ឺនតោន និងខេត្តកំពតផលិតប្រមាណជាង ១០ម៉ឺនតោន ដោយសារអំណោយផលពីអាកាសធាតុក្តៅ ខណៈកាលពីឆ្នាំមុនផលិតបានប្រមាណតែ ៧ម៉ឺនប៉ុណ្ណោះ។ លោកថា ក្នុងមួយឆ្នាំ កម្ពុជាមានតម្រូវការអំបិលសរុបប្រមាណ​ពី៧ទៅ៨ម៉ឺនតោន ដែលការប្រើប្រាស់ភាគច្រើនទៅលើការធ្វើត្រីប្រហុក និងឆៃប៉ូវ។

ចំពោះតម្លៃវិញ ​មកទល់ពេលនេះ តម្លៃអំបិលផលិតក្នុងស្រុកបានធ្លាក់ចុះដល់ ៨ពាន់រៀលក្នុងមួយប៉ាវ ​(ចំណុះ៥០គីឡូក្រាម)​ ខណៈកាលពីឆ្នាំមុន ចំណុះដូចគ្នា មានតម្លៃ២ម៉ឺនរៀល និងអំបិលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមាន ៣ម៉ឺនរៀល​៕