(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាក្រោមប្រធានបទ «ចក្ខុវិស័យឆ្នាំ ២០២៤-២០២៨ និងបច្ចុប្បន្នភាពនៃវិស័យគយនិងរដ្ឋាករនៅកម្ពុជា»។
កម្មវិធីនេះ រៀបចំដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីគយ ជាពិសេសទិសដៅជាយុទ្ធសាស្ត្រ នៃរដ្ឋបាលគយកម្ពុជាដែលរួមមាន ការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ជាដើម ជូនដល់សមាជិករបស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា។
កម្មវិធីនេះ បានរៀបចំឡើងនៅសណ្ឋាគារ Rosewood Phnom Penh និងមានអ្នកចូលរួមប្រមាណ ១០០ រូប ដែលជាពីតំណាងមកពីក្រុមហ៊ុន សហគ្រាសជាសមាជិករបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា, ក្រុមហ៊ុនប្រកបរបរអាជីវកម្មនាំចេញ-នាំចូល និងក្នុងវិស័យដឹកជញ្ជូន។
ថ្លែងក្នុងមតិស្វាគមន៍ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះ លោករដ្ឋមន្ត្រីប្រតិភូ និងអង្គពិធីដែលបានអញ្ជើញ ចូលរួមក្នុងសិក្ខាសាលា។
លោកប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងពីភាពចាំបាច់ក្នុងការរៀបចំឲ្យមានវេទិកាសម្រាប់កិច្ចពិភាក្សារវាងរដ្ឋបាលគយកម្ពុជា និងធុរជន-វិនិយោគិនអាមេរិក ក្នុងន័យដើម្បីធានាអនុលោមភាពនៃការអនុវត្តនីតិវិធី ចូលរួមចំណែកដល់ការកៀរគរចំណូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ រវាងកម្ពុជានិងអាម៉េរិក ក៏ដូចជាដើម្បីទាក់ទាញវិនិយោគិនរបស់អាមេរិកបន្ថែមទៀត ស្របពេលដែលអាម៉េរិកជាទីផ្សារនាំចេញចំបងរបស់ផលិតផលកម្ពុជា។
លោករដ្ឋមន្ត្រីប្រតិភូ គុណ ញឹម បានគូសបញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹងរបស់ផ្នែកឯកជនអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគយ ដែលជាកត្តាចូលរួមចាំបាច់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈអនុលោមភាពដោយស្ម័គ្រចិត្តពីផ្នែកឯកជន។
លោករដ្ឋមន្ត្រីប្រតិភូ គុណ ញឹម បានលើកទឹកចិត្តឲ្យសមាជិកសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ស្វែងយល់ពីការធ្វើសាមញ្ញកម្មនីតិវិធីគយ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ដែលត្រូវបានដាក់ចេញ ជាបន្តបន្ទាប់ ជាពិសេសស្របតាមវិធានការជាកញ្ចប់ដាក់ចេញដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានស្នើឲ្យសមាជិកសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា ចាប់យកនូវអត្ថប្រយោជន៍ពីកញ្ចប់លើកទឹកចិត្តនានា ជូនដល់ធុរជនដែលមានអនុលោមភាពខ្ពស់ និងត្រូវបំពេញកាតព្វកិច្ច ដែលមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។
រដ្ឋមន្ត្រីប្រតិភូ គុណ ញឹម ក៏បានជំរុញសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ចូលរួមយន្តការភាពជាដៃគូគយ-ផ្នែកឯកជនដែល អគរ បាននិងកំពុងអនុវត្តជាមួយសមាគមធុរកិច្ចនានារួមមាន សភាពាណិជ្ជកម្មកម្ពុជា, JBAC, EuroCham ជាដើម ប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាមិនប្រក្រតី ក៏ដូចជាសំណូមពរនានា ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាថែមទៀត។
អង្គសិក្ខាសាលាបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញដោយតំណាង អគរ លើប្រធានបទស្ដីពីការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទគយ, ការអនុវត្តយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨ របស់ អគរ, និងទិសដៅបន្តរបស់អគ្គនាយកដ្ឋាន។
វេទិកាសំណួរ-ចម្លើយ និងកិច្ចពិភាក្សា ដែលមានលោករដ្ឋមន្ត្រីប្រតិភូ, លោកអគ្គនាយករង ផា អេងវ៉េង, តំណាងសមាគមភស្តុភារកម្មកម្ពុជា ជាវាគ្មិន បានពិភាក្សា និងដោះដូរយោបល់ លើប្រធានបទមួយចំនួន ដែលរួមមាន ការអនុវត្តនីតិវិធីគយលើកញ្ចប់បញ្ញើរហ័ស និងកញ្ចប់ប្រៃសណីយ៍, ការកែសម្រួលអត្រាអាករពិសេសលើទំនិញនាំចូល, អត្ថប្រយោជន៍នៃកម្មវិធីប្រតិបត្តិករ សេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឡូជីស្ទីកនៅកម្ពុជា, និងការអនុវត្តប្រតិបត្តិការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transshipment) ជាដើម៕