(បាងកក)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ (NESDC) នៃប្រទេសថៃបានឱ្យដឹងថា កំណើនបំណុលគ្រួសារបានថមថយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលមួយផ្នែកដោយសារស្ថាប័នហិរញ្ញវត្ថុរឹតបន្តឹងលក្ខខណ្ឌពន្យារពេលប្រាក់កម្ចីរបស់ពួកគេ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Danucha Pichayanan អគ្គលេខាធិការក្រុមប្រឹក្សា NESDC បានឱ្យដឹងថា បំណុលគ្រួសារបានកើនឡើងដល់ ១៦,៣ពាន់ពាន់លានបាត (ប្រហែល ៤៧៩ពាន់លានដុល្លារ) ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង ២,៥% ធៀបនឹងកំណើន ៣% ដែលបានកត់ត្រានៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។ បរិមាណនេះមានចំនួនស្មើនឹង ៩០,៨% នៃផលិតផលក្នុងស្រុកសរុប ធ្លាក់ចុះពី ៩១,៤% នៅក្នុងត្រីមាសមុន។

កំណើនបំណុលគ្រួសារបានថយចុះនៅស្ទើរតែនៅទូទាំងគ្រប់ប្រភេទកម្ចី ដែលមួយផ្នែកដោយសារបំណុលគ្រួសារមានកម្រិតខ្ពស់ និងការថយចុះគុណភាពឥណទាន ដែលនាំឱ្យស្ថាប័នហិរញ្ញវត្ថុកាន់តែតឹងរ៉ឹងអនុម័តប្រាក់កម្ចីសម្រាប់គ្រួសារ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា គុណភាពកម្ចីគ្រួសារបានបន្តធ្លាក់ចុះ។ ប្រាក់កម្ចីមិនដំណើរការ (NPLs) សម្រាប់ឥណទានបរិភោគនៅធនាគារពាណិជ្ជមានចំនួន១៦៣ពាន់លានបាត (ប្រហែល ៤,៧៩ពាន់លានដុល្លារ) ស្មើនឹង ២,៩៩% នៃប្រាក់កម្ចីសរុប កើនឡើងពី ២,៨៨% នៅក្នុងត្រីមាសទី៤ ឆ្នាំមុន ដែលបង្ហាញពីការកើនឡើងជាបន្តបន្ទាប់រយៈពេល ៥ត្រីមាសជាប់ៗគ្នា៕