(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសចិន «មិនពេញចិត្តជាខ្លាំង» និង «ប្រឆាំងយ៉ាងមុតមាំ» ទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនចិនជុំវិញទំនាក់ទំនងទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានបារាំង AFP ខណៈថ្លែងថា៖ «ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន ហើយនឹងចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន»។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងបុគ្គលនិងក្រុមហ៊ុនជិត ៤០០នាក់និងក្រុមហ៊ុនដែលខ្លួនជឿថាកំពុងជួយសង្រ្គាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន រួមទាំងក្រុមហ៊ុនចិនជាច្រើន ដែលការដាក់ទណ្ឌកម្មនេះពង្រីកវិធានការដែលមានស្រាប់ដើម្បីទប់ស្កាត់ទីក្រុងម៉ូស្គូមិនឱ្យឈ្លានពានទៅលើប្រទេសជិតខាងរបស់ខ្លួន។

ក្រុមហ៊ុនទាំងនេះរួមមានទាំងក្រុមហ៊ុននៅក្នុងប្រទេសចិនដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនមីក្រូអេឡិចត្រូនិច និងឧបករណ៍ម៉ាស៊ីនទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមឯកសាររបស់ក្រសួងការបរទេសអាមេរិកដែលបង្ហាញពីការដាក់ទណ្ឌកម្មរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងរតនាគារអាមេរិកថា ការដាក់ទណ្ឌកម្មសំដៅលើបុគ្គលនិងក្រុមហ៊ុនទាំងក្នុងនិងក្រៅប្រទេសរុស្ស៊ី «ដែលផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនទាំងនោះជួយឱ្យរុស្ស៊ីមាននិរន្តរភាពនៃកិច្ចប្រឹងប្រែងធ្វើសង្គ្រាម និងគេចចេញពីទណ្ឌកម្ម»។

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យបាននិយាយថា វិធានការនេះគឺជាទណ្ឌកម្មឯកតោភាគី ដែល «រំខានដល់សណ្តាប់ធ្នាប់ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ រារាំងការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិធម្មតា និងគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់និងឧស្សាហកម្មសកល»៕