(ដាក្កា)៖ ទេសាភិបាលថ្មីនៃធនាគារកណ្តាលរបស់ប្រទេសបង់ក្លាដែសបានឱ្យដឹងថា បង់ក្លាដែសកំពុងស្វែងរកថវិកាបន្ថែមចំនួន ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ខណៈដែលប្រទេសអាស៊ីខាងត្បូងនេះកំពុងស្តារប្រទេសឡើងវិញពីភាពចលាចលនយោបាយនាពេលថ្មីៗនេះ និងកំពុងទិញប្រាក់ដុល្លារពីធនាគារក្នុងស្រុកដើម្បីសងបំណុលម្ចាស់កម្ចី។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Ahsan H. Mansur ទេសាភិបាលថ្មីនៃធនាគារកណ្តាលបង់ក្លាដែសខណៈថ្លែងនៅក្នុងបទសម្ភាសមួយក្នុងរដ្ឋធានីដាក្កាថា បង់ក្លាដែសបានចាប់ផ្តើមពិភាក្សាជាមួយមូលនិធិ IMF ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនដើម្បីស្នើសុំប្រាក់កម្ចីបន្ថែម។ ប្រទេសបង់ក្លាដែសទទួលបានមូលនិធិចំនួន ៤,៧ពាន់លានដុល្លារពីមូលនិធិ IMF កាលពីឆ្នាំមុន។

ប្រទេសបង់ក្លាដែសទើបតែងើបចេញពីភាពចលាចលអស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីការតវ៉ាហិង្សាបានបង្ខំឱ្យអ្នកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ចុះចេញពីតំណែងកាលពីដើមខែនេះ។ ទេសាភិលបាលធនាគារកណ្តាលរូបនេះបាននិយាយថា ប្រទេសបង់ក្លាដែសក៏កំពុងពិភាក្សាជាមួយធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនសម្រាប់មូលនិធិ (JICA) ផងដែរដើម្បីស្វែងរកមូលនិធិសម្រាប់សងបំណុលដែលខ្លួនជំពាក់អ្នកផ្គត់ផ្គង់សេវាសំខាន់ៗដូចជាថ្លៃអគ្គិសនីជាដើម។

ការនាំចេញសម្លៀកបំពាក់ដែលជាប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់របស់ប្រទេសបង់ក្លាដែសត្រូវបានរំខានដោយសារភាពចលាចលនេះ។ ប្រាក់បម្រុងរូបិយប័ណ្ណបរទេសស្ថិតនៅក្រោមសម្ពាធរួចហើយនៅមុនពេលមានវិបត្តិបច្ចុប្បន្ន ដោយមានចំនួន ២០,៥ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ដែលគ្រប់គ្រាន់សម្រាប់ចំណាយលើការនាំចូលទំនិញប្រហែល ៣ខែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕