(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាល មានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។

ចំណាត់ថ្នាក់នេះ ត្រូវបានប្រគល់ជូនឥស្សរជនល្បីៗ ក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប, លោក Jerome H. Powell ប្រធានធនាគារកណ្តាលអាមេរិក និងលោក Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីនជាដើម។

លោកស្រីបណ្ឌិត ជា សិរី បានបង្ហាញក្ដីរីករាយលើទំព័រ Facebook ផ្លូវការរបស់លោកស្រីថា «ខ្ញុំមានកិត្តិយសដែលបានជាប់ ជាទេសាភិបាលធនាគារកណ្តាល ដែលចំណាត់ថ្នាក់ A- លើពិភពលោក ឆ្នាំ២០២៤។ ក្នុងចំណាត់ថ្នាក់នេះ ក៏មានទេសាភិបាលធនាគារកណ្តាលល្បីៗមួយចំនួនទៀតដែរដូចជា លោកស្រី Christine Lagarde ពីធនាគារកណ្តាលអឺរ៉ុប, លោក Jerome Powell ពីធនាគារកណ្តាលអាមេរិក និងលោក Perry Warjiyo ពីធនាគារកណ្តាលប្រទេស ឥណ្តូណេស៊ី»

ចំណាត់ថ្នាក់នេះជាសក្ខីភាពនៃកិច្ចប្រឹងប្រែង និងប្រសិទ្ធភាពខ្ពស់ ក្នុងការបំពេញការងាររបស់មន្រ្តីគ្រប់ជាន់ថ្នាក់ របស់ធនាគារជាតិនៃកម្ពុជារយៈពេល១ឆ្នាំកន្លងមកនេះ។

សូមជម្រាបថា ទស្សនាវដ្តី Global Finance បានដាក់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពី ក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ១០០ប្រទេស តាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃ ការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាការប្រាក់៕