(សេនរ៉េម៉ុន)៖ រដ្ឋាភិបាលរដ្ឋកាណាតាកា នៃប្រទេសឥណ្ឌា បានឱ្យដឹងថា ក្រុមហ៊ុន Chevron គ្រោងនឹងវិនិយោគទឹកប្រាក់ ៨៣ពាន់លានរូពី (៩៨៩,២០លានដុល្លារ) នៅទីក្រុងបេនហ្កាលូរុ (Bengaluru) ដែលការវិនិយោគនេះនឹងបង្កើតបានជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតរបស់ក្រុមហ៊ុន Chevron នៅក្រៅសហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក MB Patil រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហាកម្ម និងហេដ្ឋារចនាសម្ព័ន្ធប្រចាំរដ្ឋកាណាតាកា ដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម X ថា ការវិនិយោគរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់អាមេរិកមួយនេះ នឹងផ្តោតលើមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ថ្មី ដែលនឹងបង្កើតការងារផ្នែកវិស្វកម្មចំនួន ៦០០កន្លែង។

លោក Akshay Sahni ដែលនឹងបំពេញតួនាទីជាប្រធានក្រុមហ៊ុន Chevron India ក្នុងពេលខាងមុខនេះបានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយកាសែត Times of India ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ការវិនិយោគដែលមានតម្លៃក្បែរពាន់លានដុល្លារនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេលពី ៥ ទៅ ៦ ឆ្នាំ ដោយក្រុមហ៊ុនមានគោលបំណងជួលបុគ្គលិកជាង ៦០០នាក់នៅចុងឆ្នាំ២០២៥។ នេះបើយោងតាមរ៉យទ័រ៕