(កំពង់ស្ពឺ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានជំរុញឱ្យរោងម៉ាស៊ីន ដែលផលិត និងកែច្នៃអង្ក គួរកែច្នៃអង្កាម និងកន្ទក់ ឱ្យប្រយោជន៍ ដើម្បីទទួលបានតម្លៃបន្ថែម​ ខណៈក្រសួងពាណិជ្ជកម្ម បាននិងកំពុងគិតគូរបន្ថែម ពីទីផ្សារអង្គាមនេះផងដែរ។

លោកស្រីលើកឡើងថា អង្កាម និងកន្ទក់ អាចកែច្នៃបានជាប្រយោជន៍​បានយ៉ាងច្រើន ដូចជាជាយកទៅធ្វើជាជីជីវម៉ាស់ និងការធ្វើជាចំណីសត្វជា​ដើម។

លោកស្រីលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី​រួមនឹង​ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ​និង​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​​ទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែង​​ ​ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នារសៀល​ទី២២ ខែសីហា ឆ្នាំ២០២៤។

លោក កាន់​ គន្ធី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា អង្កាម ដែលធ្លាប់ជាសំណល់ ដែលគេទុកចោល និងគ្មានតម្លៃនោះ បច្ចុប្បន្ននេះចាប់ផ្តើមមានតម្លៃបន្តិចៗម្តងហើយ ដោយសារគេយកវាទៅកែច្នៃ ដូចជា គេយកវាទៅដុត ដើម្បីសម្ងួតស្រូវ ហើយ​យកធ្វើជាជីធម្មជាតិ ​ជាវត្ថុធាតុ​ដើម​លាយជាមួយស៊ីម៉ង់ត៍ និង​ធ្វើធ្យូង​អនាម័យ ដែលមានចំហេះខ្ពស់។

លោកបានលើកឡើងថា «កាលពី៤-៥ ឆ្នាំមុន អង្កាម អត់មានគិតលុយទេ ប៉ុន្តែឥលូវនេះអង្កាមក៏អាចលក់បានលុយដែរ។ ​ យើងឃើញថា មានរោងចក្រផលិតស៊ីម៉ង់តិ៍ជាច្រើនទិញអង្កាម ទិញផេះ ហើយយើងក៏ឃើញថា មានការទិញអង្កាមយកទៅផលិតជីធម្មជាតិ ដូចជាជីកំប៉ុស្តិ៍ ហើយក៏ឃើញមានខាងមួយចំនួនទៀត ក៏យកអង្កាមទៅធ្វើធ្យូងអនាម័យ ដែលមានចំហេះខ្ពស់ជាងអុស»

បើតាមលោក កាន់​ គន្ធី បច្ចុប្បនេះ អង្កាមមួយតោនមានតម្លៃចន្លោះពី ២៥ដុល្លារទៅ៣០ដុល្លារ ទៅតាមរដូវកាល៕