(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ពីស្មារតីរួមគ្នា ក្នុងការសម្រួលដល់អតិថិជនជួបប្រទះស្ថានភាពលំបាកក្នុងការបង់សងឥណទាន។

ស្មារតីរួមនេះ មានគោលបំណង ជួយសម្រួលអតិថិជនដែលមានបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សង ឥណទានមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែសីហានេះបានបញ្ជាក់ថា យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានកំណើនក្នុងរង្វង់ ៦ភាគរយក្នុងឆ្នាំ២០២៤ ប៉ុន្តែក្នុងបរិការណ៍នៃការងើបឡើងវិញនៃ សេដ្ឋកិច្ចកម្ពុជានេះ អតិថិជនជួបបញ្ហាប្រឈមមួយចំនួន ក្នុងការសងឥណទាន មកកាន់គ្រឹះស្ថានហិរញ្ញវត្ថុ។

ក្នុងន័យនេះ ដើម្បីជួយសម្រួលអតិថិជន ដែលមានបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សង ឥណទានមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សូមលើកទឹកចិត្តដល់គ្រឹះស្ថានសមាជិកទាំងអស់នៃសមាគមទាំងពីរ ចូលរួមអនុវត្តតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ចេញថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អំពីករណីអនុវត្តកម្រិតអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន អត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយបណ្ណ និងអនុញ្ញាតិឱ្យមានការរៀបចំឥណទានឡើងវិញ ជូនអតិថិជនស្របតាមលក្ខខណ្ឌកំណត់ ក្នុងសារចរណែនាំដាច់ ដោយឡែករបស់ធនាគារជាតិនៃម្ពុជា ក្នុងស្មារតីអនុគ្រោះដូចខាងក្រោម៖

១. ពិនិត្យឱ្យអស់លទ្ធភាពក្នុងការរៀបចំឥណទានទ្បើងវិញតាមសំណើរបស់អតិថិជន ដោយឈរលើគោលការណ៍បន្ធូបន្ថយប្រាក់ពិន័យ ឬឈានទៅដល់ការលុបចោលប្រាក់ពិន័យ។ ទន្ទឹមនេះការ សម្រួបសម្រួលត្រូវធ្វើឡើងតាមស្ថានភាពជាក់ស្តែង និងលទ្ធភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបន្តរក្សាស្ថិរភាព និងនិរន្តភាពរបស់ស្ថាប័នហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារទាំងមូល។

២. រៀបចំឥណទានទ្បើងវិញដោយមិនយកកម្រៃសេវាផ្សេងៗ។

៣. មិនបញ្ចូលការប្រាក់យឺតយ៉ាវដែលអតិថិជនមិនទាន់បានបង់សងទៅជាប្រាក់ដើម។ ប៉ុន្តែអតិថិជននៅមានកាតព្វកិច្ចសងការប្រាក់ដែរជំពាក់ទៅតាមវិធាននៃការរៀបចំឥណទានឡើងវិញ។

៤. ក្នុងករណីអតិថិជនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងមានការបង់សងយឺតយ៉ាវ ហើយចង់បង់ ផ្តាច់ឥណទានមិនដំណើរការគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវលុបចោលប្រាក់ពិន័យ។ ដោយទ្បែកសម្រាប់ការប្រាក់ គ្រឹះស្ថានអាចពិចារណាលើកលែងមួយផ្នែក ឬទាំងស្រុងទៅតាមស្ថានភាពជាក់ស្តែងរបស់គ្រឹះស្ថាន ឬគោលការណ៍របស់គ្រឹះស្ថាន។

៥. ព័ត៌មានអតិថិជន ដែលធ្លាប់រៀបចំឥណទានទ្បើងវិញក្នុងប្រព័ន្ធគ្រប់គ្រងឥណទាននៃការិយាល័យឥណទានកម្ពុជា គឺជាព័ត៌មានដែលបង្ហាញពីប្រវត្តិរបស់អតិថិជន។ ព័ត៌មាននេះមិនមែនជាលក្ខ- ខណ្ឌស្វ័យប្រវត្តិក្នុងការបដិសេធឥណទានថ្មីរបស់អតិថិជននោះទេ។

៦. សហការជិតស្និទ្ធជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank Cambodia) ដើម្បីបញ្ចេញឥណទានដល់គ្រប់វិស័យទាំងអស់ដែលមានតម្រូវការឥណទាន។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមលើកទឹកចិត្តគ្រឹះស្ថានសមាជិក រួមមានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ចូលរួមអនុវត្តស្មារតីរួមខាងលើ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបន្តជួយសម្រាលបន្ទុករបស់អតិថិជន ដែលកំពុងជួបការលំបាកដូចជាបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សងឥណទាន មកគ្រឹះស្ថានធនាគារ និងហិរញ្ញ- វត្ថុ។

សមាគមទាំងពីរនឹងតាមដានស្ថានភាព ការអនុវត្តតាមស្មារតីខាងលើ ដោយយកចិត្តទុកដាក់បំផុត និងបន្តធ្វើបច្ចុប្បន្នភាពដល់សមាជិកទាំងអស់ក្នុងករណីចាំបាច់។ យន្តការសម្របសម្រួលនេះ ត្រូវធ្វើឡើងរហូតដល់មានការជូនដំណឹងជាថ្មី៕