(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ក៏ដូចជាសង្រ្គាមភូមិសាស្រ្តនយោបាយ បានបង្កឱ្យមានផលប៉ះពាល់ច្រើន ដល់សេដ្ឋកិច្ចពិភពលោក តែយ៉ាងនេះក្តីលោកកត់សម្គាល់ឃើញថា កម្ពុជាហាក់ទទួលបានផលប្រយោជន៍ច្រើនជាងការប៉ះពាល់ ដោយការនាំចេញផលិតផលកសិកម្ម និងការទទួលបានលំហូរទុនវិនិយោគពីបរទេសកើនឡើង ជាមុនគួរឱ្យកត់សម្គាល់។

លោកបានពន្យល់ថា ជាក់ស្តែងការដំឡើងពន្ធដាក់គ្នារវាងចិន និងអាមេរិក ធ្វើឱ្យវិនិយោគចិនមកបណ្តាក់វិនិយោគនៅកម្ពុជា ដើម្បីផលិតទំនិញនាំចេញទៅអាមេរិក និងសហភាពអឺរ៉ុប ក្នុងលក្ខខណ្ឌទទួលបានភាពអនុគ្រោះពន្ធ។ ជាមួយគ្នានេះ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ធ្វើពិភពលោកខ្វះស្បៀង នាំឱ្យការបញ្ជាទិញអង្ករ និងផលិតផលកសិកម្មមានការកើនឡើង។

អ្នកឧកញ៉ា លឹម ហេង លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ​ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យកសិកម្ម របស់ប្រទេសកម្ពុជា»។ ​

​លោកបន្តថា ឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ​ក៏ដូចជាសង្រ្គាមនៅអ៊ុយក្រែន រុស្ស៊ី ធ្វើឱ្យមានតម្រូវការផលិតផលកសិកម្ម ដែលលោកមើលឃើញថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ស្រូវអង្កររបស់កម្ពុជា គឺត្រូវប៉ាន់ ដែលធ្វើឱ្យកសិករផលិតស្រូវ ដំឡូងមី កៅស៊ូ ស្វាយចន្ទី ទទួលបានផលចំណេញ​ ខណៈការនាំចេញខាងវារីប្បកម្មក៏មានកំណើនគួរឱ្យកត់សម្គាល់ដែរ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ អ្នកឧកញ៉ា លឹម ហេង​៖