(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្ដដល់កសិករធ្វើស្រែ ដែលមានដីតូចៗគួរតែធ្វើរួមគ្នាជាសហគមន៍ ដើម្បីទទួលផលចំណេញច្រើន ព្រោះថា ប្រសិនបើការវិនិយោគរួមគ្នា កត្តាហានិភ័យមានតិច ប៉ុន្ដែការចំណេញមានច្រើន។

ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសកម្ពុជា»។

អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា «ខ្ញុំតែងតែពន្យល់ដល់ប្រជាពលរដ្ឋមានដីស្រែតូចៗថា ពេលកូនចៅចេញទៅធ្វើកិច្ចការងារអស់ នៅសល់តែចាស់ៗគួរតែនាំគ្នាវិនិយោគរួម ឬសហគមកសិកម្មធ្វើរួមគ្នា ការធ្វើកិច្ចការរួមគ្នាលើដីដែលមានចំណែកតូចៗ នឹងធ្វើឲ្យពួកគាត់ចំណេញច្រើនជាងធ្វើម្នាក់ឯង»

អ្នកឧកញ៉ា លឹម ហេង បានបន្ដថា ដើម្បីឲ្យប្រជាពលរដ្ឋធ្វើ វិស័យកសិកម្មដំណើរបានល្អប្រសើរត្រូវមាន ការអនុវត្តច្បាប់ បច្ចុប្បន្ននេះយើងនៅខ្វះចន្លោះការអនុវត្តច្បាប់ កិច្ចសន្យាកសិកម្មដោយមានប្រសិទ្ធិភាព ចៀសវាងការឈរបោកគ្នាទៅវិញទៅមក ដោយសារអ្នកវិនិយោគគាត់ត្រូវការការវិនិយោគដែលមានប្រសិទ្ធិភាព និងមានការចុះកិច្ចសន្យាកសិកម្មច្បាស់លាស់ នឹងរៀបចំផែនការដើម្បីដំណើរការការវិនិយោគ។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា កាលណាការវិនិយោគមានផែនការច្ប ាស់លាស់ នោះអ្នកវិនិយោគនឹងមានលទ្ធភាពខ្ពស់ ក្នុងការទទួលបានកម្ចីពីធនាគារ។ បច្ចុប្បន្ននេះធនាគារពាណិជ្ជ មិនផ្ដល់កម្ចីដល់វិស័យកសិកម្មនោះឡើយ ដោយសារតែមានកត្តាហានិភ័យច្រើន ព្រោះធនាគារសម្លឹងឃើញថា ការវិនិយោគលើវិស័យកសិកម្មភាគច្រើន ធ្វើជាលក្ខណៈគ្រួសារដែលនាំឲ្យ មានហានិភ័យច្រើនជាង ប៉ុន្ដែបើធ្វើការវិនិយោគលើវិស័យកសិកម្មជាក្រុមហ៊ុនធំៗ នោះនឹងអូសទាញអ្នកមានទុនចូលមកវិនិយោគច្រើន នោះនឹងមានការប្រកួតប្រជែង, មាននិរន្ដរភាព និងគ្មានហានិភ័យ៕