(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចាំផ្ទះ ថៃបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារកណ្តាលរបស់ប្រទេសថៃ គួរតែជួយអ្នកខ្ចីកម្ចីទំហំតូច (កម្ចីលក់រាយ) បន្ទាប់ពីធនាគារកណ្តាលបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួន នៅកម្រិតដដែលក្នុងសប្តាហ៍នេះ។ នេះបើ យោងតាម ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Pichai Chunhavajira ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងប្រាប់អ្នកយកព័ត៌មានថា អត្រាការប្រាក់សម្រាប់កម្ចីលក់រាយមានកម្រិតខ្ពស់ពេក ហើយចាំបាច់ត្រូវដោះស្រាយ។ អត្រាប្រាក់កម្ចីលក់រាយអប្បបរមា នៅធនាគារមានកម្រិតខ្ពស់រហូតដល់ ៨ភាគរយ។

ធនាគារកណ្តាលបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួន នៅដែលក្នុងអត្រា ២,៥ភាគរយសម្រាប់កិច្ចប្រជុំ៥ លើកជាប់គ្នាកាលពីថ្ងៃពុធដោយនិយាយថា កម្រិតនេះមានភាពអព្យាក្រឹត ខណៈដែលធនាគារនេះចង់មើលថា តើនាយករដ្ឋមន្រ្តីថ្មីនឹងធ្វើការផ្លាស់ប្តូរគោលនយោបាយ ជំរុញសេដ្ឋកិច្ចរបស់ ខ្លួនដែរឬយ៉ាងណា។

អ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ អាយុ ៣៧ឆ្នាំ ដែលជាកូនស្រីរបស់មហាសេដ្ឋី និងជាអ្នកនយោបាយល្បីឈ្មោះ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មី កាលពីសប្តាហ៍មុន បន្ទាប់តុលាការធម្មនុញ្ញ ថៃបានសម្រេចដកដំណែងរបស់ លោក សេដ្ឋា ថាវីស៊ីន។

លោក Pichai បានថ្លែងថា ការសម្រេចចិត្តរបស់ធនាគារកណ្តាល រក្សាអត្រាការប្រាក់គោលនៅដដែលនេះ បានឆ្លុះបញ្ចាំងពីទស្សនៈរបស់ខ្លួន ចំពោះសេដ្ឋកិច្ចទាំងមូល។ លោកមានប្រសាសន៍ថា៖ «ប៉ុន្តែអ្វីដែលត្រូវពិចារណាបន្ថែមទៀត គឺអត្រាការប្រាក់ដែលសាធារណជនត្រូវបង់សង។ តើយើងអាចកាត់បន្ថយបន្តិច ក្នុងអត្រាសមស្របជាងនេះដោយរបៀបណា?»

លោក Pichai បានបន្ថែមថា ក្រុមហ៊ុនធំៗទទួលបានអត្រាការប្រាក់ទាប ខណៈដែលក្រុមហ៊ុនតូចៗទទួលបានអត្រាខ្ពស់ជាង។ កន្លងមក លោក Pichai ធ្លាប់បាននិយាយថា ការទទួលបានឥណទានសម្រាប់ក្រុមហ៊ុនតូចៗមានសារៈសំខាន់ជាងកម្រិតអត្រាកាប្រាក់គោលនយោបាយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕