(តូក្យូ)៖ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើងខ្ពស់ជាងការរំពឹងទុកក្នុងអត្រា ៣,១ភាគរយនៅក្នុងត្រីមាសទីពីរ ដោយបានងើបឡើងវិញពីការអត្រាទាបនៅដើមឆ្នាំនេះ ដោយសារការប្រើប្រាស់កើនឡើងយ៉ាងខ្លាំង និងអាចនាំឱ្យមានការដំឡើងអត្រាការប្រាក់ម្តងទៀតក្នុងរយៈពេលឆាប់ៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ធនាគារកណ្តាលជប៉ុនបានព្យាករថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំនឹងជួយឱ្យអតិផរណាកើនឡើងដល់កម្រិតទិសដៅ ២ភាគរយរបស់ខ្លួនប្រកបដោយនិរន្តរភាព និងអាចឱ្យធនាគារកណ្តាលដំឡើងអត្រាការប្រាក់បន្ថែមទៀតបន្ទាប់ពីបានដំឡើងម្តងរួចមកហើយកាលពីខែមុនក្នុងដំណើរជាបន្តក្នុងការចាកចេញពីវិធានការជំរុញរូបិយវត្ថុដ៏ធំដែលធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលបានចេញផ្សាយដោយរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ថា ការកើនឡើងផលិតផលក្នុងស្រុកសរុប (GDP) នេះធៀបនឹងការព្យាកររបស់ទីផ្សារជាមធ្យមដែលថាកើនឡើង ២,១ ភាគរយ និងកំណើនសេដ្ឋកិច្ចនៅត្រីមាសទី១ ចំនួន ២,៣ភាគរយ។ តួលេខនេះបង្ហាញពីការកើនឡើងប្រចាំត្រីមាសចំនួន ០,៨ភាគរយដែលខ្ពស់ជាងកំណើន ០,៥ភាគរយដែលត្រូវបានព្យាករដោយសេដ្ឋវិទូនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Kazutaka Maeda សេដ្ឋវិទូនៃវិទ្យាស្ថានស្រាវជ្រាវ Meiji Yasuda បាននិយាយថា៖ «លទ្ធផលទាំងនេះ មានលក្ខណៈវិជ្ជមានជារួម ដោយមានសញ្ញាកើនឡើងនៃការប្រើប្រាស់ឯកជនដែលគាំទ្រដោយកំណើនប្រាក់ឈ្នួលពិត»។ លោកបានមានប្រសាសន៍ថា៖ «វាគាំទ្រដល់ការទស្សនវិស័យរបស់ធនាគារកណ្តាលជប៉ុន និងជាសញ្ញាល្អសម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀត ទោះបីជាធនាគារកណ្តាលនឹងនៅតែប្រុងប្រយ័ត្ន ដោយសារការកើនឡើងអត្រាការប្រាក់ចុងក្រោយបានបណ្តាលឱ្យមានការកើនឡើងតម្លៃប្រាក់យ៉េនខ្លាំងក៏ដោយ»

ការប្រើប្រាស់ឯកជនដែលមានចំណែកច្រើនជាងពាក់កណ្តាលនៃទិន្នផលសេដ្ឋកិច្ចបានកើនឡើង ១ភាគរយបើធៀបនឹងការព្យាករដែលថាកើនឡើង ០,៥ភាគរយ និងជាកំណើនលើកដំបូងក្នុងរយៈពេល ៥ត្រីមាសទី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕