(ក្រុងបង់ហ្កាលលូរុ)៖ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាបានឱ្យដឹងថា ប្រទេសឥណ្ឌាបានផ្តួចផ្តើមការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើផលិតផលដែកមួយចំនួនដែលនាំចូលពីប្រទេសវៀតណាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាថា ការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃនេះដែលនឹងវិភាគផលវិបាក និងការគំរាមកំហែងនៃការកើតមានផលវិបាកដល់ឧស្សាហកម្មក្នុងស្រុក ឆ្លើយតបទៅនឹងការជំរុញរបស់ក្រុមហ៊ុនផលិតដែកថែបឈានមុខគេរបស់ប្រទេសឥណ្ឌាដូចជាក្រុមហ៊ុន JSW Steel និងក្រុមហ៊ុន ArcelorMittal Nippon Steel។

វិធានការនេះធ្វើឡើងបន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារដែកថែបរបស់ឥណ្ឌា ដោយតម្លៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ឆ្នាំដោយសារតែការកើនឡើងនៃការនាំចូល និងការធ្លាក់ចុះការនាំចេញ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាទំនិញ BigMint។

ទោះបីជាឥណ្ឌាគឺជាប្រទេសផលិតដែកឆៅធំជាងគេទីពីររបស់ពិភពលោកក៏ដោយ ក៏ប្រទេសនេះបានក្លាយជាប្រទេសនាំចូលដែកសុទ្ធ (នាំចូលច្រើនជាងនាំចេញ) ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕