(សិង្ហបុរី)៖ ប្រជាជនសិង្ហបុរីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងទទួលបានប្រាក់ពី ២០០ ទៅ ៤០០ដុល្លារសិង្ហបុរី (១៥២ ទៅ ៣០៤ដុល្លារអាមេរិក) នៅខែក្រោយដែលជាផ្នែកនៃវិធានការរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការជួយទប់ទល់នឹងការឡើងថ្លៃការចំណាយលើការរស់នៅ។ នេះបើយោងតាមកាសែត Vietnam News។

បើយោងតាមកាសែត Vietnam News ក្រសួងហិរញ្ញវត្ថុសិង្ហបុរីបានឱ្យដឹងនៅសប្តាហន៍មុនថា គម្រោងឧបត្ថម្ភប្រាក់នេះនឹងអនុវត្តចំពោះប្រជាជនសិង្ហបុរីជាង ២,៤លាននាក់ដែលមានអាយុចាប់ពី ២១ឆ្នាំឡើងទៅក្នុងឆ្នាំ២០២៤ ហើយអនុវត្តបានចំពោះអ្នកដែលមានប្រាក់ចំណូលជាប់ពន្ធចំនួនរហូតដល់ ១សែនដុល្លារសិង្ហបុរី។ ក្រសួងបានបន្ថែមថា អ្នកដែលកាន់កាប់អចលនទ្រព្យលើសពីមួយមិនមានសិទ្ធិទទួលបានប្រាក់ឧត្ថម្ភនេះទេ។

អ្នកទទួលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជូនដំណឹងតាមរយៈកម្មវិធី Singpass របស់ពួកគេនៅក្នុងខែកញ្ញា។ តែដើម្បីទប់ស្កាត់ការបោកប្រាស់ ក្រសួងហិរញ្ញវត្ថុបាននិយាយថា ខ្លួននឹងផ្ញើសារជូនដំណឹងដល់ប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍របស់ពួកគេ។ ប្រជាពលរដ្ឋនឹងមិនត្រូវបានតម្រូវឱ្យឆ្លើយតបទៅនឹងសារ ចុចតំណភ្ជាប់ណាមួយ ឬផ្តល់ព័ត៌មានណាមួយទៅកាន់អ្នកផ្ញើទេ។

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong ដែលក៏ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះ បានប្រកាសគម្រោងឧបត្ថម្ភប្រាក់ពិសេសសម្រាប់គាំទ្រការចំណាយលើការរស់នេះនៅក្នុងអំឡុងពេលបង្ហាញច្បាប់ថវិកាឆ្នាំ២០២៤ កាលពីក្នុងខែកុម្ភៈ។ នេះបើយោងតាមកាសែតVietnam News៕