(ភ្នំពេញ)៖ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ តែងាកមកមើលការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញថាប្រជាជនកម្ពុជា មានទំនុកចិត្តលើប្រព័ន្ធធនាគារ។

បើតាម អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅក្នុងឆ្នាំ២០២៤នេះ ការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានកំណើនល្អប្រសើរ។

ជាក់ស្តែងគិតត្រឹមមាសទី២ ឆ្នាំ២០២៤ ចំនួនអតិថិជន ដែលបានដាក់បញ្ញើនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានប្រមាណជាងជិត២លាននាក់ ដែលបានដាក់ប្រាក់បញ្ញើជាង២.២ពាន់លានដុល្លារ បើធៀបទៅនឹងត្រីមាសទី១នៃឆ្នាំនេះ មានការកើនឡើងប្រមាណ១%។

លោកបានកត់សម្គាល់ថា ភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច ប្រជាពលរដ្ឋមួយចំនួន ហាក់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ថវិកា សម្រាប់យកទៅរកស៊ីឬយកទៅបណ្តាក់ទុនផ្សេងៗ ដែលបានជំរុញឱ្យពួកគាត់ ជ្រើសរើសការយកប្រាក់ទៅដាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ច្រើនជាងការប្រថុយប្រថាន ក្នុងការវិនិយោគ ឬពង្រីកអាជីវកម្ម។ ដោយជម្រើសនៃការដាក់ប្រាក់បញ្ញើនេះ ធ្វើឱ្យសាច់ប្រាក់របស់ពួកគាត់មានសុវុត្ថិភាពខ្ពស់ ព្រមទាំងទទួលបានអត្រាការប្រាក់។

លោកសង្កេតឃើញថា ភាគច្រើនអ្នកដែលបានប្រាក់បញ្ញើគឺប្រជាពលរដ្ឋដែលអ្នកនៅរស់ទីក្រុង ដោយសារតែពួកគាត់មានជីវភាពប្រសើរជាងអ្នករស់នៅតាមបណ្តាខេត្ត។

លោកបន្តថា កំណើននៃការដាក់ប្រាក់បញ្ញើនេះ បានបង្ហាញពីស្ថេរភាពល្អនៃវិស័យធនាគារនិងហិរញ្ញវត្ថុហើយលោករំពឹងថា ការដាក់ប្រាក់បញ្ញើនឹងបន្តកើនឡើងថែមទៀត រហូតដល់ចុងឆ្នាំ។

ចំណែកឯការដាក់ប្រាក់នៅបញ្ញើនៅតាមបណ្តាគ្រឹះស្ថានធនាគារវិញ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយសារតែកំណើនអត្រាការប្រាក់ខ្ពស់។ យោងតាមរបាយការណ៍ធនាគារនៃកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ការដាក់ប្រាក់បញ្ញើនៅបណ្តាគ្រឹះស្ថានធនាគារកើនឡើងខ្ពស់រហូតដល់ ១៣,៩ភាគរយ ដែលកើនដល់ប្រមាណ ១៩៧,២ ទ្រីលានរៀលឬប្រមាណ ៤៨,៣ ប៊ីលានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ២០២៣ របស់ធនាគារនៃកម្ពុជា ដែលបានចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ បានឱ្យដឹងថា ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគាពាណិជ្ជ ៥៨ ធនាគារឯកទេស៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៣ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានឥណទានជនបទ ១១៤ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣ ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៥ និងអាជីវកម្មប្តូរប្រាក់ ២ ៩២៨៕