(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានគូសបញ្ជាក់ថា ប្រជាជនមួយចំនួនដែលបានចាក់ផុតពីក្រោមបន្ទាត់ក្រីក្រ ហើយត្រូវបានចាត់ទុកថា ជាក្រុមងាយរងហានិភ័យ គឺជាក្រុមគោលក្រុមគោលដៅដ៏សំខាន់ ដែលប្រព័ន្ធគាំពារសង្គម ត្រូវយកចិត្តទុកដាក់ ក្នុងការដាក់ចេញនូវវិធានអន្តរាគមន៍នានា ដើម្បីទប់ស្កាត់ពួកគាត់កុំឱ្យធ្លាក់ចូលនៅក្រោមបន្ទាត់ក្រីក្រវិញ។

លោកបណ្ឌិត ចន ណារិទ្ធ លើកឡើងបែបនេះធ្វើឡើង ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃគោលនយោបាយគាំពារសង្គម លើការកាត់បន្ថយភាពក្រីក្រ» របស់បណ្តាញព័ត៌មាន Fresh News។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមគ្រួសារងាយរងហានិភ័យដែលត្រូវបានកំណត់អត្តសញ្ញាណ ក្នុងដំណាក់កាលដំបូងនេះ មានប្រមាណជាង៤៨ម៉ឺនគ្រួសារ ឬស្មើ១.៥លាននាក់។ ការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ នឹងនៅតែធ្វើឡើងជាបន្តបន្ទាប់ផងដែរ។

លោកបានលើកឡើងថា ប្រសិនបើមានគ្រោះអាសន្នណាមួយ ពួកគាត់នឹងងាយធ្លាក់ចូលទៅក្រោមបន្ទាត់ក្រីក្រវិញ ហេតុដូច្នេះហើយប្រព័ន្ធគាំពារសង្គមបានចង្អុលបង្ហាញថា ត្រូវតែមានដាក់ចេញនូវវិធានការអន្តរាគមន៍ណាមួយ ដើម្បីជៀសវាងឱ្យបានជាអតិបរមា ក្នុងការទប់ស្កាត់ពួកគាត់កុំឱ្យធ្លាក់ចូលនៅក្រោមបន្ទាត់ក្រីក្រវិញ។ នេះគឺជាការងារអទិភាពដ៏សំខាន់ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកបណ្ឌិត ចន ណារិទ្ធ៖