(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងពីប្រសិទ្ធភាព និងសុក្រិត្យភាពនៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងរងហានិភ័យ ឆ្លើយតបនឹងចម្ងល់របស់មហាជន ថាតើការកំណត់អត្តសញ្ញាញគ្រួសារក្រីក្រ ធ្វើឡើងដោយមានប្រសិទ្ធភាព និងសុក្រិត្យកម្រិតណា ដើម្បីធានាថាគ្រួសារក្រីក្រ និងងាយរងហានិភ័យ ទទួលបានការអន្តរាគមន៍។

លោកបណ្ឌិត ចន ណារិទ្ធ លើកឡើងបែបនេះធ្វើឡើង ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃគោលនយោបាយគាំពារសង្គម លើការកាត់បន្ថយភាពក្រីក្រ» របស់បណ្តាញព័ត៌មាន Fresh News។

លោកបានពន្យល់ថា ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងរងហានិភ័យ គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះពួកគាត់ គឺជាក្រុមគោលដៅដែលត្រូវផ្តល់ការអន្តរាគមន៍ ឱ្យបានជាអតិបរមា។

លោកបានមានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិ គាំពារសង្គម គឺជាស្ថាប័នអន្តរក្រសួង ដែលបំពេញការងារតាមបែបសម្របសម្រួល និងជំរុញឱ្យការអនុវត្តរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបំពេញឱ្យបាននូវអ្វីដែល បានកំណត់នៅក្នុងគោលនយបាយ ដែលរដ្ឋាភិបាលបានដាក់ចេញ។ ទន្ទឹមគ្នានេះ រាល់មធ្យោបាយ និងឧបករណ៍ដែលបានដាក់ចេញតែងតែមានការតាមដាន និងវាយតម្លៃជាប្រចាំ ហើយរាល់លទ្ធផលនៃការតាមដាន និងវាយតម្លៃសុទ្ធតែជាកម្មវត្ថុ នៃការវិភាគ និងទាញចេញនូវសកម្មភាព ដែលត្រូវបានកែសម្រួលនៅក្នុងការអនុវត្ត។

លោកបានឱ្យដឹងថា ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រី បានចាប់ផ្តើមតាំងពីឆ្នាំ២០១៧។ ហើយនៅក្នុងឆ្នាំ២០២០ ការវាស់វែង និងការកំណត់អត្តសញ្ញាណ ត្រូវបានកែសម្រួលយន្តការពីការកំណត់តាមបែបពីលើចុះក្រោម មកពិនិត្យពីក្រោមឡើងលើវិញ ដែលមានន័យថា បើសិនជាបងប្អូនប្រជាពលរដ្ឋយល់ថា ខ្លួនគួរតែត្រូវបានទទួលបានការអន្តរាគមន៍ ឬទទួលបានជំនួយផ្សេងៗ សូមទៅដាក់ពាក្យ ដើម្បីឱ្យអាជ្ញាធរឃុំសង្កាត់ ចុះទៅវាយតម្លៃពីស្ថានភាពរបស់ពួកគាត់ដល់គេហដ្ឋាន។

លោកបានលើកឡើងថា ការកំណត់អំពីភាពក្រីក្រ ភាពងាយរងគ្រោះ និងងាយរងហានិភ័យ មិនវាស់វែងតែប្រាក់ចំណូលតែមួយប៉ុណ្ណោះទេ គឺបង្កើតនូវឧបករណ៍ដែលឆ្លុះបញ្ចាំងអំពីស្ថានភាពនៃភាពងាយរងគ្រោះ និងភាពងាយរងហានិភ័យ ដែលលើសពីប្រាក់ចំណូល ហើយការកំណត់អត្តសញ្ញាណភាគច្រើនគឺកំណត់ដោយឧបករណ៍៕

សូមស្តាប់ការលើកឡើងរបស់ លោក បណ្ឌិត ចន ណារិទ្ធ ៖